ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានអះអាងនៅរសៀលថ្ងៃទី២៧ខែមីនានេះថាស្រះស្រង់អាចនឹងរីងស្ងួតនៅចុងរដូវប្រាំងខាងមុខនេះ ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់។ មន្ត្រីបានបន្តថាដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។
អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់នោះទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលាផងដែរ។
បើតាមមន្ត្រីបញ្ជាក់ថាស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកម្ដៅថ្ងៃនឹងបន្តហួតទឹក ដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័សបំផុត បើគិតតាមរយៈអាកាសធាតុដូចបច្ចុប្បន្ននេះ៕SRP