អភិបាលខេត្តកំពង់ចាម​ ប្រគល់​ផ្ទះ​មនុស្សធម៌​​ទី១​ ជូន​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ នៅ​ស្រុក​កោះសូទិន​

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធនៅថ្ងៃ​ទី​២៧​ ខែមីនា​ ព្ព្រឹកមិញនេះ​ បានអញ្ជើញ​ប្រគល់ផ្ទះ​មនុស្សធម៌​ទី១​​ ជូនដល់​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ ឈ្មោះ​ ខឹម​ ណារី​ អាយុ​៧២ឆ្នាំ​ រស់​នៅ​ភូមិ​ជីហែ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ ព្រះនាគមុនីមេ​គណ​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ផង​ដែរ​​។

លោក អ៊ុន​ ចាន់ដា​ បាន​ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ​ខឹម​ ណារី​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជួបការលំបាកខ្វះខាតក្នុង​ជីវភាព​។
លោកអ៊ុន​ ចាន់ដា​​ ក៏​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។​

គួរ​បញ្ជាក់​ថា​ សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង​ ដែល​មាន​ទំហំ​៤x៦ម៉ែត្រ​នេះ គឺត្រូវចំណាយ​ថវិកា​មូនិធិ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ ព្រះ​នាគមុនី​មេគណខេត្ត និង​សប្បុរសជន​។ ចំពោះ​អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ មី ឃីត១​បញ្ចប់​​អាវយឺត២​ សម្ភារដំណេក ផ្ទះបាយ និងថវិកា២០​ម៉ឺន​រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាត​ក្នុង​ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី​ ឃីត​ អាវយឺត និងថវិកាចំនួន ២ម៉ឺន​រៀលផងដែរ៕SRP