នាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ

ខេត្តកំពង់ចាម៖យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្សម្រេចអោយរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។

នេះបើតាមលោកអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំ បន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ខែមីនានេះ។

លោកអ៊ុន ចាន់ដា បន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ យើងរួមគ្នាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ 3កុំ និង3 ការពារ៕SRP