អភិបាលខេត្តកំពត ចុះដាក់ចំណាត់ការបន្ទាន់ករណីចាក់បូមដី និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច

អភិបាលខេត្តកំពត ចុះដាក់ចំណាត់ការបន្ទាន់ករណីចាក់បូមដី និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច

ខេត្តកំពត៖លោក ជាវ តាយ អភិបាលខេត្តនៅរសៀលថ្ងៃទី២៥ ខែមីនា ម្សិលមិញបានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនឹងធ្វើការព្រមានហាមឃាត់ បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពាន ករណីចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែកនិងដងព្រែក របស់បុគ្គលមួយចំនួននៅតាមដងព្រែកកោះតូចស្ថិតនៅចំណុចជិតស្ពានរថភ្លើងដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែក។

អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែករួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋ យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយ ពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែក ដែលខុសនឹងគោលការណ៍ បច្ចេកទេសផ្លូវទឹក នាពេលនេះជាដើម។

ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះផងដែរ អភិបាលខេត្ត ក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួមនឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់។

ក្នុងករណីអនុវត្តមានការរាំងស្ទះ ដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាននោះទេ សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់៕SRP