សាខាគយខេត្តសៀមរាប ច្រានចោលទាំងស្រុង ចំពោះព័ត៌មានផ្សាយថា បើករថយន្តកាក់ឡានដឹកទំនិញ ក្លាយជាគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖សាខាគយនិងរដ្ឋាករខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១ នេះ បានធ្វើការច្រានចោលចំពោះព័ត៌មានផ្សព្វផ្សាយមួយចំនួន ថាគយខេត្តសៀមរាប បើករថយន្តកាក់ឡានដឹកទំនិញ ក្លាយជាគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីសាខាគយនិងរដ្ឋាករខេត្តសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ខុសពីការពិតទាំងស្រុង ដោយហេតុថា ខណៈរថយន្តរបស់លោកកំពុងធ្វើដំណើរលើផ្លូវ ៦៧ ដើម្បីមើលភូមិសាស្រ្ត ក្នុងការត្រួតពិនិត្យនិងបង្ក្រាបរាល់ទំនិញគេចពន្ធ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមកបុករថយន្តលោកចំពីក្រោយ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយតែម្ដង ហើយករណីនេះមិនមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរនោះទេ មានរបួសតិចតួចតែប៉ុណ្ណោះ។

សុំបញ្ជាក់ថានៅថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២១ ម្សិលមិញ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុច​ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១៥-១៦ស្ថិតនៅក្នុងភូមិតានី​ ឃុំរុនតាឯក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយរថយន្តម៉ាក HYUNDAI TRACTOR ពណ៌សពាក់ស្លាកលេខកំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ​ នី​ គន្ធា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ រស់​នៅ​ភូមិ​ប្រស្រែលេី​ ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ​ មានអ្នករួមដំណេីរម្នាក់ ក្នុងទិសដៅពីខេត្តសៀមរាប ទៅខេត្តឧត្ដរមានជ័យ បានបុករថយន្ត​ម៉ាក​ TOYOTA CAMRY 2007 ពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខរដ្ឋ​10​. 2-​ 0285​ បេីកបរដោយឈ្មោះ​ លិញ​ លោ​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ រស់នៅភូមិ​ឪឡោក​ ឃុំបាគងស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ ជាមន្ត្រីប៉េអឹម មានអ្នករួមដំណេីរចំនួន០៣​នាក់​ទៀត ក្នុងទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការដោះស្រាយតាមក្រោយ។

បើតាមមន្ត្រីគយបានបញ្ជាក់ថា រថយន្តធំដែលបុករថយន្តលោកពីក្រោយនោះ មិនមានដឹកទំនិញនោះទេ គឺជារថយន្តទទេ ដែលតៃកុងបើកទៅដឹកដំឡូងនៅខេត្តឧត្តរមានជ័យ ហើយនៅរសៀលថ្ងៃ២៤ខែមីនា នេះភាគីខាងរថយន្តធំ បានចេញមុខដោះស្រាយបញ្ចប់គ្នា ដោយបានចេញថ្លៃជួសជុលរថយន្តរបស់លោកទាំងស្រុងផងដែរ៕SRP