ព្រះសង្ឃនៅខេត្តសៀមរាប បានវាយជួង ទូងស្គរ នៅតាមវត្តនានាដើម្បីរំលឹកឱ្យពុទ្ធបរិស័ទអនុវត្តនូវវិធានការ៣ការពារ និង៣កុំក្នុងន័យទប់ស្កាត់កូវីដ១៩

ខេត្តសៀមរាប៖ក្រោយពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការវាយ គង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១រួចមក នៅព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១នេះ នៅតាមវត្តអារាមនានាក្នុងខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តចាប់ពីម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ព្រះតេជគុណ វន ឡាំ គ្រូសូត្រឆ្វេង វត្តស្វាយរមៀត មានសង្ឃដីកាថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំនេះហើយ នៅវេលាម៉ោង៥ទាបភ្លឺព្រឹកមិញនេះ វត្តស្វាយរមៀត បានអនុវត្តដោយការវាយគងផង វាយជួងផង និងទូងស្គរផង ដើម្បីចូលរួមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្រើនរំលឹកដល់ពុទ្ធបរិស័ទគ្រប់ៗរូបឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” ។

ព្រះតេជគុណបន្តថា ជាទំនៀមទម្លាប់ខ្មែរពីបុរាណមកដល់បច្ចុប្បន្ននេះ ការវាយជួង និងទូងស្គរតាមវត្តអារាមនានានៅតែជាជំនឿមួយដែលព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទតែងតែជឿ និងអនុវត្តតៗមក ដើម្បីពញ្ញាក់ស្មារតីអ្នកភូមិស្រុក បានដឹងពីហេតុការណ៍មិនល្អ គ្រោះភ័យចោរចូលភូមិ ឬមានបញ្ហាអ្វីផ្សេងៗ រួមទាំងការអបអរសាទរនូវសមិទ្ឋផលនានា ឬក៍ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមនានាផងដែរ។

ព្រះតេជគុណបន្តថា ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នេះ នៅវត្តស្វាយរមៀតតែងតែបានណែនាំឱ្យព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ្ធអនុវត្តជាប្រចាំនូវវិធានការ “៣ការពារ” និង “៣កុំ”៕SRP