ករណីថា មានល្បែងជល់មាន់ នៅភូមិព្រែករំដេង អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យប៉េអឹម ចុះទៅបង្ក្រាប

«លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឈរថ្លែងសារកន្លង ក្នុងពេលចុះតាមមូលដ្ឋាន»

ខេត្តកំពង់ចាម៖ករណីព័ត៌មានថាមានល្បែងស៊ីសងជល់មាន់  នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យប៉េអឹមចុះទៅបង្ក្រាបហើយ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា« ខ្ញុំអោយមេប៉េអឹមឆែកដែរ  ប៉ុន្តែ ថាមិនមានដែរ» លោកថា«ដាក់កម្កាំងប៉េអឹមទៅម្តងទៀត»។

សូមរំលឹកថារយ:ពេលប៉ុន្មានថ្ងៃមុននេះ ស្នងការខេត្តកំពង់ចាម លោកឯម កុសល បានបញ្ជនគរបាលឲ្យចុះស្រាវជ្រាវ បង្ក្រាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចខាងលើ។ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានចុះទៅដល់ពិនិត្យឃើញថា ពុំមានសកម្មភាពលេងល្បែងជល់មាន់ ដូចការចុះផ្សាយរបស់គេហទំព័រ ម្ចាស់ទន្លេមេគង្គ នោះឡើយ ហើយតាមការពិនិត្យស្ថានភាពទីតាំងខាងលើ គឺមានសភាពចាស់យូរហើយ។

របាយការណ៍របស់អាជ្ងាធរពាក់ព័ន្ធបានឲ្យដឹងថា៖ កន្លងមកនៅចំណុចខាងលើ ធ្លាប់បានឃើញ គេមកលួចលេងល្បែង ជល់មាន់ ពីរមួយគូ ទៅពីរគូ  ហើយក៏ឈប់លេងទៅវិញ ដោយសមាសភាព ដែលមកលេង ភាគច្រើនជាអ្នកមកពីចម្ងាយ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចចុះមកបង្ក្រាបជាច្រើនលើ។ រហូតដល់បច្ចុប្បន្ននេះពុំមានការលួចលេងល្បែងជល់មាន់ទៀតនោះទេ  ហើយទីតាំងនេះសមត្ថកិច្ចមូលដ្ឋាន បានដាក់កម្លាំងចុះល្បាតត្រួតពិនិត្យរៀងរាល់ថ្ងៃផងដែរ។

ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការស្រាវជ្រាវ ខាងលើនេះ លោកសុខ យ៉េន អធិការនគរបាលស្រុក បានទូរស័ព្ទទៅម្ចាស់  គេហទំព័រ ម្ចាស់ទន្លេមគង្គ ដើម្បីស្នើសុំឲ្យមកចង្អុលបង្ហាញពីទីតាំង និងចូលរួមក្នុងកិច្ចប្រតិបត្តិការ ជាមួយសមត្ថកិច្ចប៉ុន្តែ ម្ចាស់គេហទំព័រ សារព័ត៌មាននេះ បានបដិសេធ ដោយឆ្លើយថា ជាប់រវល់នៅឆ្ងាយ មិនអាចចូលរួមបានទេ។

ប៉ុលិសខេត្តកំពង់ចាម  សុំអំពាវនាវដល់សាធារណជន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សុំកុំមានការយល់ច្រឡំ ចំពោះព័ត៌មានក្លែងក្លាយផ្ទុយពីការពិតនេះ និងសូមចៀសវាងការចែករំលែកបន្ត ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរបស់ជំនាញ ដើម្បីនាំខ្លួនជនទុច្ចរិតខាងលើមកអនុវត្តនីតិវិធី និងក៏អាចប្រឈមមុខចំពោះការស្រាវជ្រាវ របស់មន្ត្រីជំនាញផងដែរ។

សូមជម្រាបថាសារព័ត៌មានគេហទំព័រ ម្ចាស់ទន្លេមេគង្គ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចុះផ្សាយមានខ្លឹមសារថា៖ (សង្វៀនជល់មាន់មួយកន្លែង នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានផ្លូវចូលពីភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានចម្ងាយប្រហែលជា៣គីឡូម៉ែត្រ បើកលេងរាល់ថ្ងៃគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ)។ បើទោះបែបនេះក្ដីស្នងការខេត្តកំពង់ចាម បានធ្វើការបដិសេធច្រានចោលនូវព័ត៌មានរបស់ម្ចាស់ទន្លេមេគង្គ ថាជាព័ត៌មានមិនពិត។

ទោះជាយ៉ាងណានៅថ្ងៃទី២៤ ​ខែមីនា ឆ្នាំ២០២១នេះ លោកគឹម ហ៊ាប ម្ចាស់ទន្លេមេគង្គ បានអះអាងថា តាមការពិត ស្នងការខេត្តកំពង់ចាម និងអធិការស្រុកស្រីសន្ធរ ជាការរៀបចំឆាកល្ខោន គឺទីតាំងខាងលើ នៅតែមានល្បែងជន់មាន់ដដែល។ សំឡេងលោកគឹម ហ៊ាប៖

«លោក សោ សវឿន មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ចាម»«លោកឯម កុសល ស្នងការប៉ូលិសខេត្តកំពង់ចាម»