នាយករដ្ឋមន្ត្រី៖ «សូមបងប្អូន កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់»

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១នេះ បានបន្តអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមពាក់ម៉ាសគ្រប់គ្នា ហើយបើមិនមានការចាំបាច់កុំចេញពីផ្ទះ។

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានសរសេរថា៖អរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់ របស់បងប្អូន ក្នុងពេលដែលប្រទេសជាតិយើង កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

ក្នុងសារលើទំព័រហ្វេសប៊ុកដដែលបានបន្តថា «ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

នៅក្នុងសារនេះនាយករដ្ឋមន្ត្រី ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួនផងដែរ៕SRP