ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ព្រះចៅអធិការវត្តរាជបូណ៌ បានដាក់វិន័យលើ ភិក្ខុ៣អង្គក្នុងចំណោម៩អង្គ អោយវាម្តងម្នាក់«វាយតគ្នា»។បន្ទាប់មកលោកផែង វណ្ណះ ក៏បានយករូបភាពវាយតគ្នានោះ ទៅឡាយនិយាយ វាយប្រហារមកលើវត្តរាជបូណ៌ ក្នុងលក្ខណ:ជេរប្រមាថ។ លុះថ្ងៃ បន្ទាប់ព្រះមេគណខេត្តចេញលិខិតថ្កោលទោស រហូតដល់ក្រសួងព័ត៌មានបញ្ចប់អាជ្ញាបណ្ណ័ សារព័ត៌មានផែងវណ្ណ: ផងដែរ៕SRP

