ខេត្តកំពង់ចាម៖លោកឯម កុសល ស្នងការខេត្តកំពង់ចាម បានបញ្ជា នគរបាលចម្រុះឲ្យចុះស្រាវជ្រាវ បង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) មួយកន្លែង នៅចំណុចក្រោមដើមចារ ព្រៃខ្លោង នៅខាងត្បូង ឈាងខាងលិចភូមិត្នោត(ខ) ចម្ងាយប្រហែល ៦០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្កំពង់ចាម បន្ទាប់ពីទទួលព័ត៌មានបាន។ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានចុះទៅដល់ពិនិត្យឃើញថា ពុំមានសកម្មភាពលេងល្បែងជល់មាន់ ដូចការចុះផ្សាយរបស់គេហទំព័រ ម្ចាស់ទន្លេមេគង្គ នោះឡើយ ហើយតាមការពិនិត្យស្ថានភាពទីតាំងខាងលើ គឺមានសភាពចាស់យូរហើយ។
ផ្អែកតាមរបាយការណ៍ របស់អាជ្ងាធរពាក់ព័ន្ធ បានឲ្យដឹងថា៖ កន្លងមកនៅចំណុចខាងលើ ធ្លាប់បានឃើញ គេមកលួចលេងល្បែង ជល់មាន់ ពីរមួយគូ ទៅពីរគូ ហើយក៏ឈប់លេងទៅវិញ ដោយសមាសភាព ដែលមកលេង ភាគច្រើនជាអ្នកមកពីចម្ងាយ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចចុះមកបង្ក្រាបជាច្រើនលើ។ រហូតដល់បច្ចុប្បន្ននេះពុំមានការលួចលេងល្បែងជល់មាន់ទៀតនោះទេ ហើយទីតាំងនេះសមត្ថកិច្ចមូលដ្ឋាន បានដាក់កម្លាំងចុះល្បាតត្រួតពិនិត្យរៀងរាល់ថ្ងៃផងដែរ។
ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការស្រាវជ្រាវ ខាងលើនេះ លោកសុខ យ៉េន អធិការនគរបាលស្រុក បានទូរស័ព្ទទៅម្ចាស់ គេហទំព័រ ម្ចាស់ទន្លេមគង្គ ដើម្បីស្នេីសុំឲ្យមកចង្អុលបង្ហាញពីទីតាំង និងចូលរួមក្នុងកិច្ចប្រតិបត្តិការ ជាមួយសមត្ថកិច្ចប៉ុន្តែ ម្ចាស់គេហទំព័រ សារព័ត៌មាននេះ បានបដិសេធ ដោយឆ្លើយថា ជាប់រវល់នៅឆ្ងាយ មិនអាចចូលរួមបានទេ។
ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សស្នងការខេត្តកំពង់ចាម សុំអំពាវនាវដល់សាធារណជន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សុំកុំមានការយល់ច្រឡំ ចំពោះព័ត៌មានក្លែងក្លាយផ្ទុយពីការពិតនេះ និងសូមចៀសវាងការចែករំលែកបន្ត ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរបស់ជំនាញ ដើម្បីនាំខ្លួនជនទុច្ចរិតខាងលើមកអនុវត្តនីតិវិធី និងក៏អាចប្រឈមមុខចំពោះការស្រាវជ្រាវ របស់មន្ត្រីជំនាញផងដែរ។
ការអះអាងរបស់ក្រុមការងារ ស្នងការប៉ូលិសខេត្តកំពង់ចាម បែបនេះ បន្ទាប់ពីទទួលបានព័ត៌មាន របស់សារព័ត៌មានគេហទំព័រ ម្ចាស់ទន្លេមេគង្គកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចុះផ្សាយមានខ្លឹមសារថា៖ (សង្វៀនជល់មាន់មួយកន្លែង នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានផ្លូវចូលពីភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានចម្ងាយប្រហែលជា៣គីឡូម៉ែត្រ បើកលេងរាល់ថ្ងៃគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ)៕SRP

