ជនមួយក្រុមគប់ដុំថ្ម លើបុរសម្នាក់បណ្ដាល ឲ្យរងរបួសធ្ងន់ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖មនុស្សមួយក្រុមបានយកដុំថ្មគប់ទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ត្រង់ចំណុច ផ្លូវចូលខ្លោងទ្វារយាយតា ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅយប់ថ្ងៃនេះថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនេះគឺបង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។

សមត្ថកិច្ចខេត្តបានបន្តថា ជនរងគ្រោះ មានឈ្មោះឈៀង ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប
ជិះម៉ូតូម៉ាកសង់សេ១២៥ ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1B0598។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះក្រោយធ្វើសកម្មភាពរួច ក្រុមជនបង្ក បានជិះម៉ូតូគេចខ្លួនបាត់។ ជនរងគ្រោះ ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវឹល។ ទោះជាយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕SRP