អភិបាលខេត្តត្បូងឃ្មុំ ព្រមានមិនលើកលែង ចំពោះមន្ត្រីទទួលសំណូក ឲ្យមេខ្យល់នាំពលករចេញចូល

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា«ចំពោះ​មន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាត ការគប់គិត ជាមួយមេខ្យល់ នាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់​»។

លោក ជាម ច័ន្ទសោភ័ណ ក៏បានរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ ឲ្យ​ចុះពិនិត្យ វាយតម្លៃតាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៌មាន ច្បាស់លាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាពិសេស​ត្រូវ​បន្តអនុវត្ត ៣ការពារ ៣កុំ​ ទោះចាក់វ៉ាក់សាំងហើយក្តី។

ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២០ ខែមីនា ព្រឹកមិញ នាឱកាសលោកបាន​នាំយក​ថវិកា​ចំនួន​៥លានរៀល​ ​អង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ និង​ទឹកសុទ្ធ១០០កេស ឧបត្ថម្ភ​​ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ​

លោក ជាម ច័ន្ទសោភ័ណ ក៏ និងវាយតម្លៃខ្ពស់ចំពោះ លោកស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ ៧យ៉ាង​។ ពិសេសជាកម្លាំងយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងខេត្តត្បូងឃ្មុំ៕SRP