រឿងជម្លោះក្នុងគ្រួសារ ប្តឹងទារសំណង$៤០ម៉ឺន «ចុងបណ្តឹងសុំអោយច្បាប់ពិចារណានិងផ្តល់យុត្តិធម៌»

ខេត្តសៀមរាប៖រឿងជម្លោះក្នុងគ្រួសារក្មួយ ប្តឹងម្តាយមីងទៅតុលាការ ទាមទារសំណង ៤០ ម៉ឺនដុល្លារ ករណីនេះភាគីចុងចោទ(មីង)ទទូចសុំអោយស្ថាប័នច្បាប់ពិចារណា និងផ្តល់យុត្តិធម៌។
ដើមបណ្តឹងមានឈ្មោះឈឺន វារ:ណាន់ ភេទស្រីអាយុ១៨ឆ្នាំ។ ចំណែកចុងបណ្តឹងជាម្តាយមីងមាន ឈ្មោះកែវ មូលីណុច អាយុ៣២ឆ្នាំ ទាំងពីរភាគីមានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
បណ្តឹងចុះថ្ងៃទី០២ខែកុម្ភ: ឆ្នាំ២០២១ មានកម្មវត្ថុថាសុំប្តឹងឈ្មោះកែវ មូលីណុច ភេទស្រីអាយុ៣២ឆ្នាំនិងឈ្មោះកែវ មូលីណេ ភេទស្រីអាយុ៣៥ឆ្នាំពីបទ ជេរប្រមាថជាសាធារណ: និងបទញុះញង់អោយមានការរើសអើង។ ប្រព្រឹត្តនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីអំឡុងខែមករាឆ្នាំ២០២១។

កម្មវត្ថុបន្តថា ឈ្មោះទាំងពីរខាងលើ បានឡាយហ្វេសប៊ុកជេរប្រមាថឪពុកម្តាយនិងរូបនាង(ដើមបណ្តឹង)ថាជាស្រីរកស៊ីលក់ខ្លួន ដែលធ្វើអោយប៉ះពាល់កិត្តិយស។ ការឡាយជេរប្រមាថនោះក៏បានធ្វើអោយប៉ះពាល់ មុខរបរលក់គ្រឿងក្រអូបរបស់នាង ដែលចំណាយដើមទុន២០ម៉ឺនដុល្លារ និងហាងកាហ្វេប្តី ដើមទុន១០ម៉ឺនដុល្លារ(អតិថិជនអស់ទំនុកចិត្ត) ករណីនេះនាងខ្ញុំ(ដើមបណ្តឹង)ទាមទារសំណងខូចខាត២០ម៉ឹនដុល្លារនិងជម្ងឺចិត្ត២០ម៉ឺនដុល្លារ។
ក្នុងករណីនេះស្ត្រីចុងបណ្តឹងឈ្មោះ កែវ មូលីណុច បានបរិយាយថា រូបនាងមិនដែលបានដឹងថាក្មួយស្រីរបស់ខ្លួនប្តឹងទារសំណងរហូត៤០ម៉ឺនដុល្លារនោះឡើយ។ ទើបតែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ពេលសមត្ថកិច្ចយកដីកាកោះមកអោយ ហើយតម្រូវអោយចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្ត ថ្ងៃទី១៧ ខែ មីនាឆ្នាំ២០២១នេះ ទើបដឹងថាក្មួយប្តឹង។ តែនាងសុំពន្យាពេលហើយ តាមរយ:មេធាវីព្រោះត្រូវរកភស្តុតាងសម្រាប់ឆ្លើយ។
នាងបន្តថា ដើមចមនៃរឿង ដំបូងម្តាយរបស់នាងជេរកូនប្រសារ(ឪពុកដើមបណ្តឹង)លុះពេលបន្ទាប់ក្មួយរបស់នាង(ដើមបណ្តឹង)ព្រោះតែជួយឪពុកក៏បានឈ្លោះជាមួយជីដូនហើយរាលដាលដល់រូបនាង។ តែនៅថ្ងៃបន្ទាប់ រូបនាង(ចុងបណ្តឹង)បានអង្គុយក្នុងផ្ទះឡាយហ្វេសប៊ុក ដោយនិយាយថា សូមញាតិនិងមិត្តៗក្នុងបណ្តាញសង្គមជួយពិចារណា មីក្មួយរមិលគុណ ខំបីបាច់តាំងពីតូចពេលនេះវាប្រមាថជីដូនរហូតដល់មីង រួមទាំងពាក្យពេជ្រមិនល្អច្រើនទៀត តែមិនបានជេរដោយពាក្យអសុរសនោះទេ។ លុះថ្ងៃក្រោយនាងក៏បានឡាយហ្វេសប៊ុកចំនួន៣ដងជាបន្តបន្ទាប់ទៀត ដោយលើកហេតុផលវែកញែកអំពីក្រុមគ្រួសារនេះ។
មូលីណុច បានបញ្ជាក់ថា ចំពោះការឡាយនិយាយក្នុងក្រុមគ្រួសារ អោយមនុស្សខាងក្រៅជួយពិចារណានេះ ក៏ត្រូវក្នួយស្រីប្តឹងទារសំណង៤០ម៉ឺនដុល្លារ ដោយចោទថា ជេរប្រមាថនិងញុះញង់។ នេះជាសិទ្ធិរបស់បុគ្គល តែរូបនាងមិនបានជេរឬញុះញង់នណាទេ។ ចំពោះមុខរបររកស៊ី គឺមិនពាក់ព័ន្ធ នឹងការឡាយរបស់នាងឡើយ។ ចឹងទេករណីនេះ នាងសុំអោយស្ថាប័នច្បាប់ពិនិត្យ ពិចារណា និងជួយផ្តល់ភាពយុត្តិធម៌ដល់នាង ហើយនាងរំពឹងថាតុលាការនឹងស្រាវជ្រាវពិចារណា មុនពេលសម្រេចក្តី។
ជុំវិញការប្តឹងទារសំណង៤០ម៉ឺនដុល្លារនេះ ដើមបណ្តឹង អ្នកនាងឈឺន វារ:ណាន់ បានប្រាប់តាមទូរស័ព្ទថា នាងសុំមិនបកស្រាយទេ ព្រោះនាងបានប្តឹងរួចហើយ៕SRP