អភិបាលខេត្តកំពង់ចាម លើកគម្រោង ជួសជុលច្រាំងទន្លេ ដែលរងការបាក់ស្រុត

អភិបាលខេត្តកំពង់ចាម លើកគម្រោង ជួសជុលច្រាំងទន្លេ ដែលរងការបាក់ស្រុត

ចេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមីនាព្រឹកមិញបានដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេ ដែលរងការបាក់ស្រុតតាមសំណើរបស់ប្រជាពលរដ្ឋ នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក នៃស្រុកស្រីសន្ធរ។

ការប្រជុំលើបញ្ហានេះតាមសំណូមពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្រីសន្ធរនិងស្រុកកងមាស ដែលបានស្នើសុំមកអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គ  បន្ទាប់ពីរងការបាក់ស្រុតកាលពីឆ្នាំកន្លងទៅ បណ្ដាលឲ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់ប្រជាជនជាច្រើនហិកតា។

លោកអ៊ុន ចាន់ដា បានឲ្យដឹងថា អាជ្ញាធរបានសហការ ជាមួយដៃគូក្រុមហ៊ុនឯកជនមួយនឹងធ្វើការបូមយកខ្សាច់ និងដីពីតំបន់កោះតូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាមគម្រោង ផែនការកន្លងមកដែលខាងក្រុមហ៊ុនទទួលការស្ថាបនា ក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេនេះគឺប្រើប្រាស់បាវខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ច្រក ដីនិងខ្សាច់ដូចវិធានការខាងក្រសួងធនធានទឹក ដែលបានស្ថានាជាច្រើន កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

អភិបាលខេត្តបានឲ្យដឹងអំពីសារសំខាន់ នៃការបូមយកដីនិងខ្សាច់ពីតំបន់កោះតូចនេះគឺដើម្បីជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលដំណាំនិងភូមិករ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេខាងលើនេះ និងដើម្បីចាក់ បំពេញដីតំបន់អភិវឌ្ឍនានា ជាពិសេសដើម្បីសម្រួលដល់ ចរាចរណ៍ផ្លូវទឹកទន្លេមេគង្គ កុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តទៀតផងដែរ៕SRP