បញ្ជូនមេខ្លោង នឹងបក្ខពួក ទៅតុលាការ ករណី នាំពលករ ឆ្លងដែនដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖បុរសជាមេក្លោងម្នាក់និងបក្ខពួក ២នាក់ទៀត ត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរនិងការពារអនីតិជនខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ករណីនាំពលករឆ្លងដែនដោយខុសច្បាប់។

លោកស្រី ឌី សុជាតិ ស្នងការរងខេត្តបានឲ្យដឹងថាបុរសទាំង០៣នាក់ ត្រូវបាននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង  នគរបាល ស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចាប់ខ្លួន វេលាម៉ោង០៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនាំពលករ ចំនួន១៤នាក់ ស្រី០៩នាក់ ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រី បន្តថា៖ បុរសជាមេខ្សល់២នាក់៖១-ឈ្មោះ ចក់ វី ហៅ ០៩ អាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមេក្លោង។
២-ឈ្មោះ ឆន វាសនា អាយុ២១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជាមេខ្យល់។
៣-ឈ្មោះ អោម ចាន់រ៉ា អាយុ៦៣ឆ្នាំ ម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ដែលមិនសហការ ជាមួយសមត្ថកិច្ច សង្ស័យផ្តល់ទីតាំងឲ្យមេខ្សល់ លាក់ពលករ។ ដោយឡែកពលករ ទាំង១៤នាក់នគរបាលស្រុកម៉ាឡៃ ធ្វើកិច្ចសន្យាអប់រំ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP