ខេត្តសៀមរាប៖រថយន្តក្រុងមួយគ្រឿងដែលបានបិទស្លាក «ខ្លាំងជាងយូរជាង» លួចដឹកឈើដោយខុសច្បាប់ ត្រូវបានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបង្ក្រាប។
ហេតុការណ៍បង្ក្រាបធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ នៅស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងនេះ ប្រភេទ៤៥កៅអី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C. 6161បានដឹកឈើគ្រឿងសិប្បកម្ម ពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់។ តៃកុង ឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូលខេត្តកណ្តាល។
ជុំវិញការបង្ក្រាបបទល្មើសព្រៃឈើនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុង ប៊ុនលីម បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ក្រោយត្រួតពិនិត្យ រកឃើញឈើកែច្នៃពាក់កណ្តាលសម្រេចចំនួនះ
-ទ្វារ៣០គ្រឿង
-កូនក្រឡឹង៧០ដុំ
-ស្នួរបង្កាន់ដៃ១០ដើម។
ករណីនេះវត្ថុតាងត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP