ខេត្តកំពង់ចាម៖ក្នុងឱកាសចុះពិនិត្យម៉ាស៊ីនបូមទឹកចេញពីតំបន់បឹងB6 ចូលទៅអាំងបឹងកក់ ស្ថិតនៅក្នុងភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់ប្រេងម៉ាស៊ូតចំនួន៤១២០លីត្រ សម្រាប់បងប្អូនប្រជាកសិករបង្កបង្កើនផលស្រូវនារដូវប្រាំង ប្រមាណជា៣៥០ហិកតា ។
លោកភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ដោយសារឆ្នាំនេះទឹកទន្លេមេគង្គមានកម្រិតទាប មិនបានចូលទៅដល់តំបន់អាងស្តុកទឹកបឹងកក់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រេីប្រាស់ក្នុងការបង្កបង្កេីនផលស្រូវប្រាំង លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងសហការី បានផ្ដល់ប្រេងម៉ាស៊ូតចំនួនចំនួន២០០០លីត្រ លោក អ៊ុំ វិបុល ប្រធានមន្ទី ធនធានទឹកខេត្តកំពង់ចាម បានឧបត្ថម្ភ ២០០០លីត្រ និងលោកគ្រី ស៊ាង ឡុង ក្រុមការងារចុះជួយឃុំកងតាណឹង ជួយឧបត្ថម្ភ ១២០លីត្រ សរុបរួម៤១២០លីត្រ សម្រាប់ចាក់ម៉ាស៊ីនចំនួន២គ្រឿង ដែលជាការជំនួយរបស់ក្រសួងធនធានទឹក និងឧតុនិយម ដេីម្បីជាប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកកងមាស ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពស់ទឹកទន្លេមេគង្គមានកម្រិតត្រឹមតែ១២,៤៧ម៉ែត្រ ហេីយប្រភពទឹកបានចូលទៅ ក្នុងព្រែក បឹងបួរ ប្រមាណជា៥០ភាគរយប៉ុណ្ណោះ ដែលអាចនាំឲ្យប្រឈម នឹងការខ្វះទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង នៅតាមតំបន់មួយចំនួន ពិសេសក្នុងស្រុកកងមាសនេះតែម្ដង។ ហេតុដូច្នេះទើប អភិបាលខេត្តកំពង់ចាម បានស្នើសុំម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ពីក្រសួងធនធានធនធានទឹក និងឧតុនិយម រួមជាមួយការ ជួយឧបត្ថម្ភប្រេងម៉ាស៊ូត ដេីម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ បង្កបង្កបង្កើនផលស្រូវ ក្នុងរដូវប្រាំង ខាងមុខនេះ៕SRP