លោកអ៊ុន ចាន់ដា ចុះពិនិត្យច្រាំងទន្លេ នៅឃុំពង្រ

លោកអ៊ុន ចាន់ដា ចុះពិនិត្យច្រាំងទន្លេ នៅឃុំពង្រ

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា​ ម្សិលមិញ
បានដឹកនាំមន្ត្រីជំនាញនិង​អាជ្ញាធរមូលដ្ឋាន​ អញ្ជើញចុះពិនិត្យច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលទើបនឹងសាងសង់​រួចរាល់​ជាស្ថាពរ​១០០ភាគរយ។ ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា ក៏បានចុះពិនិត្យស្ថានីយបូមទឹក ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹកនៅចំណុចទ្វាទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅ​ក្នុង​ភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។

ក្នុងឱកាសនៃការចុះពិនិត្យ លោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សានូវសមិទ្ធិផលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់​ការ​ប្រេីប្រាស់​បាន​យូរអង្វែង​សម្រាប់​មនុស្សជំនាន់ក្រោយៗ។
អភិបាលខេត្ត ក៏បានប្រាប់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុនូវគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន​។
បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុម​​ វិបុល​ ប្រធាន​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ​២០២០នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់​១១.២៨ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ឡេីង​០.២១ម៉ែត្រ​​ ចំពោះ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុងប្រយ័ត្ន​១៥,២០​ ដោយ​ឡែក​​នៅឆ្នាំ​២០១៩កន្លងទៅ​ទឹក​មាន​កម្ពស់​​៥.៨០ម៉ែត្រ​​​​៕​SRP