ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សា អាណត្តិទី៣ នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាលខេត្តបានធ្វើការថ្លែងអំណរគុណ និង កោតសរសើរពីស្មារតីចូល រួមសហការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើ ជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើផងដែរ ។
អភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សុំឲ្យបញ្ឈប់នូវប្រពៃណីវប្បធម៌ អន្តរាគមន៍ សូមបែរមកទទួលយកនូវប្រពៃណីវប្បធម៌ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និង សតិអារម្មណ៍ប្រជាពលរដ្ឋ។ លោកក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។
បើតាមអភិបាលខេត្ត ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ៕SRP

