សម្តេចតេជោហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន១១៨៩នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយចាប់ផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ។
តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
បានឱ្យដឹងថា ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ១៥ ០៦១គីឡូម៉ែត្រក្រឡា មានក្រុង១, ស្រុក៨, ឃុំ៧៣, សង្កាត់៨ និងមានភូមិ ៧៦៥។ កំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រែក្លាយសក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្ដាលប្រទេស សម្បូរទៅដោយធនធានទឹក និងមានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដោយ ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួសទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ ទទួលបាននូវគម្រោងវិនិយោគជាបន្តបន្ទាប់ទាំងសាធារណៈ និងឯកជន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ធំនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ធំទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
ថ្លែងពីខេត្តកំពង់ធំ នាព្រឹកនេះ សម្តេចតេជោបានថ្លែងកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធនឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំនេះ ជាពិសេសការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។
សម្តេចបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។
ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ នៅព្រឹកនេះ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា គ្មានការយោគយល់ណាមួយនោះ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែង
ឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។ សម្ដេចតេជោក៏បន្តឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសខេត្តកំពង់ធំ គឺធនធានធម្មជាតិបឹងទន្លេសាប ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
សម្តេចតេជោបានរំឭកនូវប្រសាសន៍ដែលសម្តេចតែងរំឭកដល់មន្ត្រីតាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី ថាយើងត្រូវរត់ទៅរកការងារ កុំឱ្យការងាររត់មករកយើង ហើយយើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង។ សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
សម្ដេចតេជោបានក្រើនរំឭកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ធំទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕SRP

