ភ្នំពេញ៖នៅទីបំផុតក្រោយពីតុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោករួមទាំងមនុស្ស៣នាក់ទៀតពាក់ព័ន្ធករណីទន្ទ្រានដីខុសច្បាប់ នៅខេត្តមណ្ឌលគិរី។ ក្នុងសំណុំរឿងនេះ មានអ្នកជាប់ពាក់ព័ន្ធជាង១០នាក់ទៀត ភាគច្រើនជាមន្រី្តរាជការ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនផងដែរ។ប៉ុន្តែបុគ្គលជាប់ចោទទាំងនោះពុំទាន់មានប្រភពណាមួយបញ្ជាក់ឈ្មោះនៅឡើយទេ។
នេះបើតាមការអះអាងរបស់«លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូង
ខេត្តមណ្ឌលគិរី» បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃទី ០៦ខែតុលាឆ្នាំ ២០២០ នេះ។
លោក មាស ប្រុស បានបានប្រាប់អ្នកសារព័ត៌មានថាលោក ពៅ សុធារ៉ាន់ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តមណ្ឌលគិរី ពីបទ៖កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន។
ការទន្ទ្រានដីនេះ ត្រូវរកឃើញ កាលពីថ្ងៃទី០៩ខែកញ្ញា នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាដីក្នុងតំបន់ការពារធម្មជាតិ។
លោក មាស ប្រុស ថ្លែងបន្តថាក្នុងចំណោមមនុស្ស៣នាក់ទៀត ដែលជាប់ឃុំជាមួយលោក ពៅ សុធារ៉ាន់ មានម្នាក់ជានគរបាលព្រំដែន ម្នាក់ជាមន្ត្រីសុរិយោដី និង ម្នាក់ទៀតជាអ្នកកាសែត។
លោកបញ្ជាក់ថាលោក ពៅ សុធារ៉ាន់ ត្រូវឃាត់ខ្លួនកាលពីថ្ងៃអាទិត្យទី៤ខែតុលានេះ។ ហើយមិនមែនតែគាត់ម្នាក់ទេដែលក្នុងសំណុំរឿងនេះ មាន៤នាក់ហើយ ដែលកំពុងជាប់ឃុំ។ បើគិតនឹងលោកលោក សុធារ៉ាន់ ពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីនេះ នៅមានគ្នាជាង១០នាក់ទៀត កំពុងតាមចាប់ខ្លួន ដែលភាគច្រើនជាមន្រី្ត..។
ជុំវិញរឿងរ៉ាវដីធ្លីនៅខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី១៥ ខែកញ្ញា នាយករដ្ឋមន្ត្រីី ហ៊ុន សែន បានសម្រេចបញ្ចប់តំណែងលោកអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី អាចពាក់ព័ន្ធសំណុំរឿងដីធ្លីនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៣០ ខែកញ្ញាថា មិនមែនមានតែអភិបាលស្រុកមួយរូបនេះទេ។ ដែលត្រូវបញ្ចប់មុខតំណែងណែង គឺមានមន្រី្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែត្រូវរង់ចាំអនុក្រឹត្យសម្រេច ពីប្រមុខរដ្ឋាភិបាលជាឬព្រះរាជក្រឹត្យបង្គាប់ពីព្រះមហាក្សាត្រជាមុនសិន ទើបលោកអាចផ្ដល់ព័ត៌មានលម្អិតបាន។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថានៅខេត្តមណ្ឌលគិរី មិនមែនមានតែស្រុកកោះញែកមួយទេ គឺមានស្រុកជាច្រើនទៀតដែលកំពុងមានបញ្ហាដីធ្លីនេះ។ លោក ប៉ែន ប៊ុណ្ណារ៍ថា ចាប់ពីឆ្នាំ២០១៥មក លោក និងពលរដ្ឋតាមមូលដ្ឋានបានដាក់បណ្ដឹងជាង១០បណ្ដឹងហើយ ពាក់ព័ន្ធនឹងការទន្ទ្រានដីខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី។
សូមរំលឹថាកាលពីថ្ងៃទី២២ ខែកក្កដា សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាលើករណីទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី ដើម្បីប្រមូលឯកសារនិងភស្ភុតាងជុំវិញបញ្ហានេះ។កន្លងមកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងដែនដី ដោះស្រាយបញ្ហាដីជូនពលរដ្ឋ ដែលមានទីតាំងនៅលើដីព្រៃឬតំបន់ការពារ ហើយបើពលរដ្ឋណាមានទីលំនៅរយៈពេលយូរឆ្នាំ (អាចពេល១០ទៅ២០ឆ្នាំ) ត្រូវកាត់ឆ្វៀលដីនោះឲ្យពួកគាត់។
ទន្ទឹមនឹងនោះប្រមុខរដ្ឋាភិបាលបញ្ជាឲ្យចាត់វិធានការលើមន្ត្រីនិងបុគ្គលណាដែលរំលោភបំពានដីរដ្ឋឬដីរបស់ពលរដ្ឋផងដែរ៕SRP

