នគរបាលខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូបានពីរថ្ងៃ

នគរបាលខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូបានពីរថ្ងៃ
0

នគរបាលខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់ក្រោយលួចម៉ូតូបានពីរថ្ងៃ

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែមិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបន្ទាប់ពីបានលួចចំនួនពីរថ្ងៃ។

ជនសង្ស័យឈ្មោះ មួន គីមហ៊ាង ហៅ វីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថាការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតឈានដល់ការឃាត់ខ្លួន។

នគរបាលបានបន្តថាជនសង្ស័យរូបនេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួន ០១លើក រយៈពេល ០១ឆ្នាំ ០៦ខែ ពាក់ព័ន្ធករណីគ្រឿងញៀន។ ករណីនេះសមត្ថកិច្ចបានដកហូតម៉ូតូម៉ាក KAMAX Cub Pro ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AU-1489 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះមកវិញ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ)។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP