ខេត្តសៀមរាប៖អ្នកបើកកាណូតម្នាក់បានស្លាប់និងបើកកាណូតម្ខាងទៀតបានគេចបាត់បន្ទាប់ពីបានបុកគ្នា។
ហេតុការណ៍បានកើតឡើងនៅ វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមអូប្រាំជាន់ ចុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
មន្ត្រីស្រុកសូទ្រនិគមបានរាយការណ៍ឲ្យដឹងនៅព្រឹកនេះថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះគឺរវាងការណូតម៉ាកកាវ៉ា សំបកស្មាច់បុកគ្នា បណ្ដាលអោយស្លាប់ម្នាក់ ជាអ្នកបើកបរកាណូត។
ជនរងគ្រោះឈ្មោះរឿម ប៉ូ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់)។ ចំណែក ជនបង្កឈ្មោះព្រុំ ឆាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (រត់គេចខ្លួនបាត់)។
បើតាមមន្ត្រីបានអះអាងថាមូលហេតុបើកបរពេលងងឹត គ្មានភ្លើង ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ កាណូតបានយកទៅ រក្សាទុកប៉ុស្តិ៍នគរបាលកំពង់ឃ្លាំងដើម្បីរង់ចាំការដោះស្រាយ។ ដោយឡែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP