លោក​អ៊ុន​ ចាន់ដា​ ចុះពិនិត្យ ការបាក់ស្រុតដីសួនច្បារមាត់ទន្លេ ក្នុង​ក្រុង​កំពង់ចាម​​

លោក​អ៊ុន​ ចាន់ដា​ ចុះពិនិត្យ ការបាក់ស្រុតដីសួនច្បារមាត់ទន្លេ  ក្នុង​ក្រុង​កំពង់ចាម​​

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃច័ន្ទទី១៤ ខខែកញ្ញាព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតលូបង្ហូរទឹក ស្ថិតនៅ​ក្នុង​ភូមិទី៣​ សង្កាត់វាលវង់​ ក្រុង​កំពង់ចាម។
ការចុះពិនិត្យនេះ លោកអ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការសិក្សាចំពោះបញ្ហានេះ ដេីម្បីជួសជុលបន្ទាន់ ដែលរងផលប៉ះពាល់​ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗកេីតឡើងជាយថាហេតុ​។

គួរបញ្ជាក់ថា​ កាលពី​វេលាម៉ោង១២​និង៣០នាទី រំលងអាធ្រាត្រ​ ចូលថ្ងៃទី១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកចូលទន្លេទំហំ​៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាក់ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សឡើយ។
បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ​ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់តាំងពីសង្គមចាស់​ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់​យ៉ាង​ខ្លាំងនៅក្នុងក្រុងកំពង់ចាមនេះផងដែរ​៕SRP