ចោរប្លន់ម៉ូតូបាញ់តដៃ ជាមួយសមត្ថកិច្ច ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព

ខេត្តស្វាយរៀង៖ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូនិងបានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប។

សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថានៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌សរ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។

សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើងត្រូវបានពលរដ្ឋរាយការណ៍ភ្លាមៗមកសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត  និងកម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន០៣គ្រាប់ផងដែរ។ ប៉ុន្តែត្រូវបាននគរបាលបើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់ ជនសង្ស័យក៏រត់ចូលផ្ទះពលរដ្ឋ ទៅទិសខាងកើត ទើបកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់។ ជនសង្ស័យឈ្មោះឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ  និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួន៕SRP