ចាប់បានចោរឆក់ ដ៏សកម្ម នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឆក់ដ៏សកម្មនៅក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងកាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020 វេលាម៉ោង 13និង53 នាទី ស្ថិតនៅ ចំណុចតាមផ្លូវមុខ បន្ទប់ជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ 33 ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យម្នាក់ភេទប្រុស​ អាយុចន្លោះពី 20 ឆ្នាំទៅ 30 ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1Y-6834 បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់និងស្មា​ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។  ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង01 គ្រឿង និងគ្រឿង សំអាងមានតំលៃមួយចំនួនទៀត។
អធិការក្រុងសៀមរាបបានបន្តថាក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ភិនភាគម៉ូតូតាមរយ:កាមេរ៉ាសុវត្តិភាព។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានគេចខ្លួនបាត់រហូតមក។
បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់បានបញ្ជាក់ថានៅថ្ងៃទី11ខែកញ្ញា ឆ្នាំ 2020​ វេលាម៉ោង 15និង30នាទី ស្ថិតនៅ ភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះ នី​ បូរីន ភេទស្រី​ អាយុ 24 ឆ្នាំមុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រងអេអាយអេ  មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ភេទ ប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ៊ពេលនោះ ជនរងគ្រោះបានឃើញស្លាកលេខ ម៉ូតូរបស់ជន សង្ស័យ ដែលមានលេខ1Y-6834។  ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹង ដោយដល់សមត្ថកិច្ចបានកំណត់មុខសញ្ញាចាស់ ក៏បាននាំគ្នាចុះធ្វើការស្វែងរកព្រមទាំងធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ ក៏ឃើញជនសង្ស័យ កំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះ​ ក៏ឃាត់ខ្លួនតែម្ដង និងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងដែលរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ គឺម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ​ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536
ក្រោយពេលធ្វើការសាកសួរជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ26 ឆ្នាំនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។
សុំបញ្ជាក់ថាប្រតិបត្តិការទទួលបានជោគជ័យនេះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការខេត្តសៀមរាប និងមានការ
បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ ករណីនេះពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះកងកម្លាំងនគរបាលខេត្តសៀមរាប ដែលបង្ក្រាបបានមុខសញ្ញាចោលឆក់ដ៏សកម្មនេះ៕SRP