ខេត្តសៀមរាប៖ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមក ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ៕SRP