ភ្នំពេញ៖ យុវជនមួយក្រុមបានផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើសម្រាប់ដាក់ម្ហូបអាហារ ជំនួសចានធ្វើពីប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន ខណៈកាកសំណល់ប្លាស្ទិកកំពុងបង្កជាវិបត្តិដល់បរិស្ថានទាំងផ្នែក សោភ័ណ ភាពទីសាធារណៈ និងស្ទះលូបង្ហូរទឹក ជាដើម។
ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែសីហានេះបានឱ្យដឹងថា ក្រុមយុវជនទាំងនេះ យុវជនមួយក្រុម នៃវិទ្យាល័យ តេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ ដោយដាក់ឈ្មោះថា«ដើម្បីសហគមន៍ខ្ញុំ»សំដៅចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយនាំគ្នា ងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិនៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នជំនួសវិញ។
បើតាមការឱ្យដឹងរបស់លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានបញ្ជាក់ថា ស្លឹកឈើប្រភទ ឈើខ្លុង នឹងត្រូវបានធ្វើចានសម្រាប់ជំនួសចានប្លាស្ទិក។ លោកថា ក្រុមយុវជនកំពុងរៀប ចំសាកល្បង និងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃ និងពីគុណភាពរ ក្សាទុកផងដែរ។
ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវ មួយនេះ។ ព្រះអង្គ មានពុទ្ធដីកាថា ចានផលិតឡើងពីស្លឹកឈើធម្មជាតិដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរ ឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ។
ក្រសួងបរិស្ថាន បានគាំទ្រចំពោះគម្រោងនេះ និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត៕SRP