ខេត្តកំពង់ចាម៖លោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម បានធ្វើការណែនាំ ដល់ក្រុមហ៊ុន អ្នកទទួលការទាំងអស់ សូមឲ្យមានការប្រកួតប្រជែងដោយភាពថ្លៃថ្នូរ និងកុំឲ្យមានការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ និងការសាងសង់ ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ។
លោកបញ្ជាក់នេះក្នុងឱកាសប្រកាសដាក់ដេញថ្លៃ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ចំនួន៤គម្រោង នៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច បានថ្លែងអំណរគុណដល់អ្នកទទួលការទាំងអស់ ដែលបានចូលរួមដេញថ្លៃគម្រោងនេះយ៉ាងមានរបៀបរៀបរយល្អ តាមការរៀបចំរបស់អាជ្ញាធរ ក៏ដូចជាគណៈកម្មការម្ចាស់លទ្ធកម្ម ហេីយសូមឲ្យរាយការណ៍ជាបន្ទាន់ បើសិនជាមានករណីទារថ្លៃលុយទឹកតែ ពីបុគ្គលណាមួយ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៤ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំគៀនជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧២ ម៉ែត្រ ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកៀនជ្រៃក្នុង។ ២-ឃុំវិហារធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៨៥ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិប្រសាទ។ ៣-ឃុំហាន់ជ័យសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៤៥ ម៉ែត្រទទឹង៤ម៉ែត្រនៅភូមិល្វាទេ។៤-ឃុំហាន់ជ័យជួសជុលផ្លូវដីក្រាលក្រួសក្រហមប្រវែង២០៧ ម៉ែត្រទទឹង៤មនៅភូមិក្រូចសើច៕SRP