ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថាគម្រោងរបស់ខេត្ត នៅថ្ងៃឈប់សម្រាកខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅ ថ្ងៃទី២០.២១ ខែ សីហាឆ្នាំ២០២០ ដើមី្បធ្វើការស្តារឡើងវិញនូវវិស័យទេចរណ៍នៅខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ផងដែរ អំពីវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផងដែរ ។
លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកអតីតៈប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែលយើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ផ្ទះសំណាក់ និង ប្រជាពល រដ្ឋ ដែលជាប់បំណុលក្នុងខេត្ត។
លោកក៏បានទទួលស្វាគមន៍ចំពោះលោកប្រធានថ្មីដែលទើបចូលកាន់តំណែង ព្រមទាំងសុំឲ្យមានកិច្ចសហការល្អជាមួយគ្នាបន្តទៅទៀត ក្នុងពេលធ្វើការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាល នៅក្នុងសហគមន៍។
លោក ទៀ សីហា ថ្លៃងយ៉ាងដូច្នោះក្នុងពេលជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា នាព្រឹកមិញនៅសាលាខេត្តសៀមរាប។
លោកទេសាភិបាល ជា ចាន់តូ ក៏បានបញ្ជាក់ពីគោលបំណងរបស់ប្រតិភូក្នុងជំនួប ពិភាក្សានាពេលនោះ គឺដើមី្បធ្វើការបញ្ហាមុខលោកប្រធានថ្មីសាខាធនាគារខេត្តសៀមរាប ដែលទើបបានប្រកាសចូលកាន់មុខតំណែង ជំនួសលោកប្រធាន ដែលបានចូលនិវត្តន៍ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា លោកប្រធានថ្មី ដើមឡើយជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានមកកាន់ជាប្រធានសាខាធនាគារខេត្តសៀមរាប ហើយ លោកស្រីអនុប្រធានសាខាធនាគារខេត្តសៀមរាប ក៏ត្រូវបានទៅកាន់មុខតំណែងជាប្រធានសាខាធនាគារខេត្តបន្ទាយមានជ័យវិញ។
លោកទេសាភិបាល ក៏បានកោតសរសើរពីភាពដឹកនាំរបស់លោកអភិបាលខេត្តវ័យក្មេង ដែលមានវិធីសាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទោះបីនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀមរាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ៕SRP