ខេត្តកំពង់ចាម៖ក្នុងពិធីប្រគល់ទងជ័យលាភី ប័ណ្ណសរសើរជូនអង្គភាពមានស្នាដៃការងារឆ្នេីម និងប្រកាសចូលកាន់មុខតំណែងមន្ត្រីគ្រប់គ្រងការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក កៅ សុខអាន អភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើដល់មន្ត្រីគ្រប់គ្រងទេីបតែងតាំងថ្មី អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាមួយការងារអប់រំទាំងអស់ សូមធ្វើឲ្យបានទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងឲ្យមានភាពស្មោះត្រង់នឹងមុខវិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនមន្ត្រីរាជការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយញញឹមឲ្យបានច្រើនជាមួយប្រជាពលរដ្ឋ ព្រមទាំងមានភាពស្មោះត្រង់ជាមួយអង្គភាព អាជ្ញាធរ ដែនដី ក្រសួង រាជរដ្ឋាភិបាល ជាពិសេសត្រូវមានសាមគ្គីភាពល្អ កុំឧស្សាហ៍ចាប់តែកំហុសគេច្រើនពេក និងត្រូវចេះអប់រំគេឲ្យបានច្រើន។
លោក កៅ សុខអាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធវិស័យអប់រំទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយឆន្ទៈ មនសិការវិជ្ជាជីវៈ រួមទាំងការទទួលខុសត្រូវ ខ្ពស់ក្នុងការកសាងធនធានមនុស្ស និងការអភិវឌ្ឍវិស័យអប់រំប្រកបដោយភាពជោគជ័យ បេីទោះបីយេីងនៅមានចំណុចអវិជ្ជមាន ដែលត្រូវប្រឈម ក៏ដោយ តែយើងត្រូវជំនះបាននូវគ្រប់ឧបសគ្គទាំងនោះឆ្ពោះទៅមុខជានិច្ចនិរន្ត។
បេីតាមរបាយការណ៍ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះការងារប្រឡងប្រណាំងនៅឆ្នាំ២០១៩ កន្លងមកនេះ ខេត្តកំពង់ចាមទទួលបានជ័យលាភី ពាន់រង្វាន់សម្តេចតេជោហ៊ុន សែន គួរជាទីមោទនៈ ១-គ្រូល្អទទួលបានជ័យលាភីលេខ ១ ទូទាំងប្រទេស (មកពីបឋមសិក្សា កួច ម៉េងលី ទួលបេង ស្រុកកំពង់សៀម ) ២-គ្រូល្អទទួលបានជ័យលាភីលេខ ២ ទូទាំងប្រទេស(មកពីបឋមសិក្សា វាលវង់ ក្រុងកំពង់ចាម ) ៣-គ្រូល្អទទួលបានជ័យលាភីលេខ ៤ ទូទាំងប្រទេស (មកពីបឋមសិក្សាវាលវង់ ក្រុងកំពង់ចាម ) ៤-គ្រូល្អ ជាប់ចំណាត់ថ្នាក់ ប័ណ្ណសរសើរ (មកពីបឋមសិក្សា ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ) ៥-នាយកល្អ ទទួលបានជ័យលាភីលេខ ៥ ទូទាំងប្រទេស (មកពីបឋមសិក្សា ថ្លុកជ្រៅ ស្រុកកងមាស )៕SRP