ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់មួយបានបង្ហើបអោយដឹងថា ពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្តមណ្ឌលគិរី យ៉ាងហោចណាស់មានមន្ត្រីជាង១០នាក់ ត្រូវបានគណៈរដ្ឋមន្ត្រី ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដកហូតតួនាទី និងបណ្ដេញចេញពី គណបក្ស។
យោងតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែ មិថុនាឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគោរពស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន មានចំណាត់ការទៅលើ មន្រ្តីមួយចំនួន ដូចខាងក្រោម៖
១- គួរសម្រួលភារកិច្ចលោក ស្វាយ សំអ៊ាង ពី អភិបាលខេត្តមណ្ឌលគីរី ដោយហេតុថាលោកមិនបានអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តអោយមានប្រសិទ្ធិភាព និងមានឯកសារខ្លះលោកបានចូលរួមចុះហត្ថលេខាទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់។
២- គួរបញ្ចប់ដំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើនដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួនទោះបីជាត្រូវបានដកដំណែងចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ ក៏លោកនៅតែបន្តព្យាយាមស្នើសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហើយ។
៣- គួរចាត់វិធានការបញ្ចប់ដំណែងលោក ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី៨ ដោយហេតុថាលោក មានការពាក់ព័ន្ធនឹងការ កាន់កាប់ដីព្រៃដោយខុសច្បាប់ ជាច្រើនហិកតា។
៤- គួរចាត់វិធានការបញ្ចប់ដំណែង លោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត និងអនុវត្តវិធានការច្បាប់បន្ថែមទៀតចំពោះរូបលោក ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងជម្រកដែនសត្វព្រៃស្រែពក ចាប់តាំងពីលោកកាន់តំណែងជាអភិបាលស្រុកកែវសីមា រហូតដល់ជា អភិបាលស្រុកកោះញែកនាពេលបច្ចុប្បន្ន។
៥- គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពី អភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះមានការជាប់ពាក់ព័ន្ធ និងឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វើកម្មសិទ្ធិដោយតម្រូវអោយមេភូមិ មេឃុំ ចុះហត្ថលេខាលើការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់ជាច្រើន។
៦- គួរចាត់វិធានការបញ្ចប់តំណែងលោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់ សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះតែងតែចុះហត្ថលេខាដឹងឮលើការលក់ដូរដីព្រៃដោយខុសច្បាប់ និងធ្វើលិខិតបញ្ជាក់ផ្សេងៗជាមួយឈ្មោះញ៉ាង ម្យក់ មេភូមិ ពូហ្សាម ទោះបីមានការណែនាំ និងព្រមានជាច្រើនដង។
៧- គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុត សំអ៊ែល ពីឃុំស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិតរៀបចំផែនការ ផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួមញុះញង់ ប្រជាពលរដ្ឋ អោយតវ៉ាទាមទារ និងកាន់កាប់ដីព្រៃ ដោយខុសច្បាប់។
៨- គួរចាត់វិធានការបញ្ចប់តំណែងលោក ព្យើប ពេ មេឃុំ ស្រៃព្រះ ដោយហេតុថា មេឃុំរូបនេះ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយមានការចាត់ចែងពីថ្នាក់ខេត្ត និង បង្ករការងាយស្រួលអោយមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និង បែងចែកដីព្រៃយ៉ាងអនាធិបតេយ្យអោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដោយមិនខ្លាចញញើតច្បាប់ឡើយ ។ មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ និងលោក សុខ សេរា បើកដៃអោយមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៩- គួរចាត់វិធានការបញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោកជាអ្នកសម្របសម្រួលការងារ និង ប្រើប្រាស់រូបភាពស្នើសុំដីសម្បទានសង្គមកិច្ចដែលបង្កអោយមានការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិយកទៅលក់អោយឈ្មួញជាបន្តបន្ទាប់។
១០- គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវ៉ាត់ព្រំដែន និង នាយទាហាន នាយទាហានរងចំនួន១២រូបទៀត ដែលបានប្រើប្រាស់តួនាទីបេសកកម្ម និង គ្រឿងចក្រ របស់អង្គភាព ធ្វើសកម្មភាព កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
១១- គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការសឹករងស្រុកកោះញែក ដោយសារតែតាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតាពីប្រជាពលរដ្ឋដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ករណីនេះសម្ដេចតេជោ ហ៊ុន សែន បានចារលើរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជូនទៅសម្ដេចក្រឡាហោម ស ខេង ដើម្បីដឹកនាំការប្រជុំ និងលើកយោបល់មកសម្ដេចតេជោ ហ៊ុន សែន វិញ។
សូមរម្លឹកថាកាលនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយដែលមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ដែលមាន លោក អង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ ក្រុមការងារអន្តរក្រសួងនេះមានតួនាទី និង ភារកិច្ច ចុះសិក្សាស្រាវជ្រាវ លើករណីនីមួយៗនៃការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អោយបានជាក់ស្ដែង និង ប្រមូលឯកសារ និងភស្តុតាងនានាពាក់ព័ន្ធជាមួយនឹងមន្ត្រី និងអ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ។
សូមបញ្ជាក់ថាខេត្តមណ្ឌលគិរី ក្រៅពីល្បីមានការកាប់ទន្រ្ទានវាតយកដីរដ្ឋដោយខុសច្បាប់ក៏ល្បីល្បាញរឿងសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិតេយ្យផងដែរ៕SRP