ពលរដ្ឋ ស្នើសុំឲ្យរក្សាទុក លោករៀន ប៊ុនណាល់ ជាមេភូមិទឹកជោរ ដដែល

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរស់នៅភូមិទឹកជោរ បានស្នើសុំដល់អាជ្ញាធរឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ឲ្យរក្សាទុក លោករៀន ប៊ុនណាល់ ជាមេភូមិទឹកជោរ ដដែល ដោយសុំមិនឲ្យមានការផ្លាស់ប្ដូរដាក់អ្នកផ្សេង។
ការស្នើសុំកុំឲ្យមានការផ្លាស់ប្ដូរ លោករៀន ប៊ុនណាល់ ចេញពីមេភូមិ បន្ទាប់ពីអាជ្ញាធរឃុំទឹកជោរ គ្រោងជ្រើសរើសបេក្ខភាព មេភូមិថ្មី។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ក្រុមអ្នកសារព័ត៌មាន បានជួបផ្ទាល់ជាមួយលោក រៀន ប៊ុនណាល់ មេភូមិទឹកជោរ និងពលរដ្ឋប្រមាណជាង១០០នាក់ ដែលបានមកគាំទ្រ លោករៀន ប៊ុនណាល់។
លោករៀន ប៊ុនណាល់ មេភូមិទឹកជោរ
បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ បែជា លោក អឿ ហៃ សមាជិក ក្រុមប្រឹក្សាឃុំទឹកជោរ ចង់ប្ដូររូបលោកចេញពីមេភូមិទៅវិញ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ មានការសោកស្ដាយយ៉ាងខ្លាំង ដោយសុំដល់អាជ្ញាធរឃុំទឹកជោរ មិនឱ្យមានការផ្លាស់ប្ដូរមេភូមិនោះទេ។
ពាក់ព័ន្ធការលើកឡើងរបស់ មេភូមិទឹកជោរ សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោក អឿ ហៃ សមាជិក ក្រុមប្រឹក្សាឃុំទឹកជោរ បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ។ ចំណែកមេឃុំទឹកជោរ លោក លុច ផ ទូរស័ព្ទចូលមិនមាន អ្នកទទួល។ទោះយ៉ាងណាបណ្ដាញ សៀមរាបប៉ុស្ដិ៍ រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ៕SRP