ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លេីយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
លោកអ៊ុន ចាន់ដា បានលេីកឡើងថា មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង។ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយដែលបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ និងចាស់ជរា។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងថា សៀវភៅផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះអាសន្ន ជាឯកសារជំនួយ ដល់ដំណើរការ ក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លួវសម្រាប់ ការសម្រេចចិត្តនិងជាមូលដ្ឋានក្នុងការបង្កើត នូវផែនការឆ្លើយតបសង្រ្គោះបន្ទាន់ នៅពេលដែល គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតកើតឡើង។ ហេីយវាក៏នឹង ក្លាយជាផែនការយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ គឺដើម្បីធានាថាអ្នក ដែលងាយរងគ្រោះបំផុតទទួល បាន ការការពារ គាំទ្រប្រកបដោយសុវត្ថិភាព និងទទួលបានជំនួយសង្រ្គោះដើម្បីបំពេញបាននូវរាល់ការ កង្វះខាត ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប្រកបដោយនិរន្តរភាព ចៀសផុតពីផលប៉ះពាល់នាពេលអនាគត។ពិសេសការកសាងបាននូវភាពធន់របស់សហគមន៍ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការជះឥទ្ធិផលជាសាកល៕SRP