ភរិយា អភិបាលខេត្តកំពង់ចាម យកអំណោយ ចែកពលរដ្ឋ០៦គ្រួសារ នៅ​ស្រុក​ជេីងព្រៃ​

ខេត្តកំពង់ចាម៖លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងលោកស្រី ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា លោកស្រី​ ស្រី គឹមឆយ សមាជិករដ្ឋសភា លោកស្រី​ ប៉ាង ដានី ប្រធានប្រតិបត្តិ លោកស្រី​ លន់ សូម៉ានី លោកស្រី​ អន ហេងលក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកសម្ភារនិងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រជួបការលំបាក និងចាស់ជរា ចំនួន០៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម និងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រោយ​ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន លោកស្រី​ផ្ទាល់ ជាពិសេស លោកស្រី​ ញូង ចរិយា ជាភរិយា លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះមកផ្ទាល់ ដើម្បី បានសួរសុខទុក្ខ និងនាំនូវអំណោយជាទឹកចិត្តបន្តិចបន្តួច សម្រាប់បងប្អូនបានដោះទ័ល ក្នុងជីវភាព បានមួយគ្រា ។ តទៅ​បញ្ហាចំពោះមុខ សូមបងប្អូនខិតខំដោយខ្លួនឯង ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ។ សូមចូលរួមថែទាំ និងធ្វើអនាម័យសុខភាព និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ ជម្ងឺគ្រុនឈាម ព្រោះរដូវភ្លៀងធ្លាក់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីឆ្លង នៃជម្ងឺកូវីដ ១៩ ដែលបច្ចុប្បន្ន ជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ ក្នុងសាកលលោក ផងដែរ៕SRP