ខេត្តកំពង់ចាម៖លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមដំណេីរជាមួយតំណាងរាស្រ្ដមណ្ឌលកំពង់ចាម គឺលោកស្រី ស្រី គឹមឆយ លោកស្រី កុល ធារិន លោកស្រី ខុង ស៊ុនអេង ព្រមទាំងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រត្តិបត្តិ លោកស្រី អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី បន្ទាប់ទទួលបានសេចក្តីរាយការណ៍ពីអាជ្ងាធរមូលដ្ឋាននៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខនិងយកថវិកា និងសម្ភារមួយចំនួន ជូនដល់គ្រួសារដែលកំពុងមានជំងឺរ៉ាំរ៉ៃ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្ត និងផ្ដាំផ្ងើរដល់អ្នកជំងឺ និងក្រុមគ្រួសារ មិនត្រូវបាក់ទឹកចិត្ត និងខិតបន្តខិតខំថែរក្សា និងព្យាបាលសុខភាពបន្តទៀត ដើម្បីឆាប់បានជាសះស្បើយ។ ជាពិសេសថែរក្សាខ្លួនប្រាណ និងបរិភោគអាហារណាដែលផ្ដល់ថាមពលដល់សុខភាព និងអនុវត្តតាមគោលការណ៍អនាម័យស្អាត៣យ៉ាង គឺរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
សូមបញ្ជាក់ថាគ្រួសារមានជំងឺរ៉ាំរ៉ៃទាំងពីររូប គឺទីមួយ អ្នកស្រី រុំ សុខមី អតីតសមាជិកក្រុមប្រឹក្សាឃុំរអាង អាយុ៥៩ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ទទួលបានថវិកា ៧០០,០០០រៀល ដែលក្នុងនោះថវិកាសមាគមនារីចំនួន ៥០០,០០០រៀល។
ទី២ លោក ទឹម ណឹម អតីតសមាជិកក្រុមប្រឹក្សាឃុំ អាយុ៧៣ឆ្នាំ មានជំងឺលើសឈាម ពិការមួយចំហៀងខ្លួនរស់នៅភូមិថ្មគោល ឃុំរអាង ទទួលបានថវិកា ៣៥០,០០០រៀល៕SRP