ខេត្តកំពង់ចាម៖លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្ត បានអះអាងថាចំពោះអ្នកទទួលការទាំងអស់ ប្រសិនបើត្រូវរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងការឃុបឃិត ការក្លែងបន្លំ ការប្រព្រឹត្តអំពើពុករលួយ ឬបង្កការអុកឡុកណាមួយ គឺអ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ការលេីកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ
បេីកសំណេីដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន៣គម្រោង នៅសាលាស្រុកកោះសូទិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកលោក ឡី មិច បន្តថា ជុំវិញករណីខាងលើអាជ្ញាធរខេត្តបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុងបញ្ជីឈ្មោះជាអ្នកទទួលការក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃខេត្តកោះកុង ចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ ក្នុងខេត្តកំពង់ចាមទៀតទេ។ លោកថាមូលហេតុដោយក្រុមហ៊ុននេះមានចេតនា មកបង្កការអុកឡុកក្នុងកិច្ចប្រជុំបេីកសំណេីដេញថ្លៃនៅស្រុកចំការលើ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។
សូមជម្រាបថាគម្រោងដែលបានដាក់ឲ្យដេញថ្លៃនៅព្រឹកមិញនេះ គឺមានផ្លូវចំនួន៣ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន
១-ឃុំកោះសូទិន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥៤ ម ទទឹង៤ម កម្រាស់ ០.១៥ម នៅភូមិទី៣ ។
២-កំពង់រាប សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣១០ ម ទទឹង៤ម នៅភូមិកោះចិនលើ ។
៣-ឃុំមហាខ្ញូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៩០ ម ទទឹង៥ម ននៅភូមិអង្គរជ័យ។
សូមរំលឹកថាកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០២០អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុន អាន សុខលាង មានសិទ្ធិចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ ដោយផ្ទាល់ ឬដោយប្រយោល ឬជាតំណាងក្រុមហ៊ុនផ្សេងទៀតក្នុងខេត្តកំពង់ចាមជារៀងរហូត
បន្ទាប់ពីមានចេតនាបង្កការអុកឡុកក្នុងកិច្ចប្រជុំបេីកសំណេីដេញថ្លៃ៕SRP
អាជ្ញាធរខេត្តកំពង់ចាម ព្រមានថា បើរកឃើញ អ្នកដេញថ្លៃ ប្រព្រឹត្តអំពើពុករលួយ នឹងដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត