ខេត្តកំពង់ចាម៖:តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គឺលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន៥គម្រោង នៅសាលាស្រុកចំការលើ ដោយមានការចូលរួមពីកញ្ញា ហាក់ សុវីរ៉ានី អភិបាលរងស្រុកចំការលើ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត គណៈកម្មការម្ចាស់លទ្ធកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកចំការលើ ដែលបានរៀបចំនីតិវិធីនៃការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ព្រមទាំងបានសំណូមពរដល់តំណាងក្រុមហ៊ុន ឲ្យគោរពតាមក្រមសីលធម៌របស់អ្នកទទួលការ និងចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ ដែលបង្កឡើងដោយក្រុមឆ្លៀតឱកាសមួយចំនួនទៀតផង។
កញ្ញា ហាក់ សុវីរ៉ានី អភិបាលរងស្រុកចំការលើ បានបញ្ជាក់ថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំស្ពឺ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤១៥ គ.ម ទទឺង៥ម នៅភូមិស្ពឺកើត ភូមិស្ពឺលិច និងភូមិពែងមាសជើង។
២-ឃុំស្វាយទាប សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៣៨គ.ម ទទឹង៥ម នៅភូមិវារីលិច ភូមិវារីកើត និងភូមិស្វាយទាប។
៣-ឃុំល្វាលេី សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០គ.ម ទទឹង៤ម នៅភូមិក្រឡែងកើត និងភូមិក្រឡែងលិច។
៤-ឃុំតាប្រុក ជួសជុលផ្លូវដី ប្រវែង ២.០០គ.ម ទទឹង៤ម នៅភូមិផ្លាក ភូមិអូរតាសែង ភូមិនាងលើង។
៥-ក្នុងឃុំតាប្រុកដូចគ្នា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១០០គ.ម ទទឹង៥ម នៅភូមិស្រែប្រាំង៕SRP