ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញ របស់មនុស្ស ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកក្រើនរំលឹក ឲ្យមានការចូលរួមពីគ្រប់សមាសភាគ ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយៗ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែលយើងបានដាំនាថ្ងៃនេះ ជាផ្នែកមួយ ក្នុងការរួមចំណែកលើកកម្ពស់នូវសោភ័ណ្ឌភាពក្រុង ជាពិសេស វាក៏ជាទីម្លប់ សម្រាប់មនុស្សទូទៅ បានជ្រកកោន នាពេលអនាគត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្កកំពង់ចាម ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយត្រូវស្រឡាញ់ និងអភិរក្សធនធានធម្មជាតិព្រៃឈើ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ផងដែរ។
សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដាំកូនឈើ ព្រះរាជទាន ដោយព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារ មុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត៕SRP
អភិបាលខេត្ដកំពង់ចាម ចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ