ខេត្តកំពង់ចាម៖លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងការដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៥គម្រោង ស្មើនឹង៥ឃុំ ដែលបានធ្វេីឡើងនៅសាលាស្រុកស្រីសន្ធរ ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត ដោយមានការចូលរួមពី អភិបាលរងស្រុក គណៈកម្មការម្ចាស់លទ្ធកម្ម និងមន្ត្រីពាក់ព័ន្ធ រួមនឹងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលស្រុកស្រីសន្ធរ បានធ្វេីការសំណូមពរដល់តំណាងក្រុមហ៊ុនទាំងអស់ ឲ្យគោរពតាមក្រមសីលធម៌ផ្ទៃក្នុងរបស់អ្នកទទួលការ និងកុំឲ្យមានការឃុបឃិតគ្នាប្រព្រឹត្តអំពេីពុករលួយ ដោយឡែកអ្នកដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យាផងដែរ។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកស្រីសន្ធរ ដែលបានរៀបចំនីតិវិធីនៃការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ព្រមទាំងបានសំណូមពរដល់អ្នកទទួលការ ឲ្យសហការជាមួយអាជ្ញាធរ ដេីម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ ដែលបង្កឡើងដោយក្រុមឆ្លៀតឱកាសមួយចំនួនទៀតផង។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំកោះអណ្តែត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤០០ គ.ម ទទឹង៤.៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិក្រូចសើច ។
២-ឃុំជីបាល សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.២២៥ គ.ម ទទឹង៥ម នៅភូមិខ្យោង។
៣-ឃុំព្រែកពោធិ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥២៨គ.ម ទទឹង៥ម នៅភូមិថ្នដារ។
៤-ឃុំព្រែករំដេង សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤៣០គ.ម ទទឹង៤ម នៅភូមិព្រែករំដេង ។ និង៥-ឃុំឬស្សីស្រុក សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤០០ គ.ម ទទឹង៤.៥ម នៅភូមិឬស្សីស្រុក៕SRP