ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៥គម្រោង ស្មើនឹង៥ឃុំ របស់ស្រុកកងមាស ត្រូវបានប្រកាសដាក់ដេញថ្លៃ ដេីម្បីអនុវត្តការងារសាងសង់ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ក្រោមវត្តមានលោក លោក ម៉ុក រ៉ាសឿន អភិបាលរងស្រុកកងមាស លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោកពោយ សុខជា នាយករងទីចាត់ការផែនការនិងវិនិយោគខេត្ត ព្រមទាំងគណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុក រ៉ាសឿន បានធ្វើការសំណូមពរដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ ត្រូវអនុវត្តការងារគម្រោងឲ្យមានតម្លាភាព ហេីយធ្វើការសាងសង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ជាសាធារណៈ។
ក្នុងនាមតំណាងឲ្យអាជ្ញាធរខេត្តកំពង់ចាម លោក ឡី មិច មានមតិលេីកឡើងថាការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឲ្យខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំពាមជីកង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ក) ។
២-ឃុំព្រែកកុយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦២៥ គ.ម ទទឹង ៥ម នៅភូមិគោហេរ ។
៣-ឃុំរកាគយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១២៥ គ.ម ទទឹង ៤ម នៅភូមិស្វាយតាហែន ។
៤-ឃុំរកាអារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦៧៥ គ.ម ទទឹង ៤ម នៅភូមិព្រែកលីវទី៤ ។
៥-ឃុំស្តៅ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៥៣៦ គ.ម ទទឹង ៤ម នៅភូមិស្តៅ ។
ដោយនីតិវិធីនៃការដេញថ្លៃនេះប្រព្រឹត្តទៅដោយរលូននោះ ប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មទាំង៥ឃុំ បានធ្វើការប្រកាសទទួលយកទាំង៥គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការទាំងនោះ សូមឲ្យអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងធ្វើឲ្យត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP