ឈ្មួញដឹកឈើ នៅខេត្តព្រះវិហារ យ៉ាងគគ្រឹក តែថ្នាក់ខេត្តធ្វើមិនដឹង

ខេត្តព្រះវិហារ៖ក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើនៅក្នុងទឹកដីខេត្តព្រះវិហារបានដោយសេរី ប៉ុន្តែបែជាថ្នាក់ដឹកនាំខេត្តនៅតែធ្វើមិនដឹងមិនឮអ្វីទាំងអស់ ដោយទុកឳកាសឲ្យឈ្មួញដឹកជញ្ជូនឈើតាមតែអំពើចិត្ត។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាមានក្រុមឈ្មួញជានាក់បានធ្វើសកម្មភាពដឹកជញ្ជូនឈើនៅខេត្តព្រះវិហារដោយមិនកោតខ្លាចញញើតអ្វីឡើយ។ ប្រការដែលឈ្មួញហ៊ានដឹកឈើបានដោយរលូនគ្មានការទប់ស្កាត់បង្ក្រាបបែបនេះអាចព្រោះតែការដឹកនាំរបស់ចៅហ្វាយខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មានភាពកំសោយឬអាចនិយាយបានថា អសមត្ថភាពក៏អាចថាបាន។

បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថាមេឈ្មួញឈើឈ្មោះព្រហ្មធី ហៅ(ធីម្រេច) បានប្រើប្រាស់ រថយន្តសាំងយ៉ុង០២គ្រឿង ក្នុងការរកស៊ីដឹកជញ្ជូនឈើ តាមដងផ្លូវជាតិលេខ៦២ ក្នុងស្រុករវៀងខេត្តព្រះវិហារទៅកាន់ព្រំប្រទល់ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេងបំផុត ខណ:នៅតាមដងផ្លូវមានសមត្ថកិច្ចជាច្រើនស្ថាប័នយ៉ាងណាក៏ដោយក៏ឈ្មួញឈ្មោះព្រហ្មធី ហៅ(ធីម្រេច) នៅតែអាចដឹកឈើបានដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។

ក្រៅពីមេឈ្មួញព្រហ្មធី ហៅ(ធីម្រេច) ក៏មានឈ្មួញឈើជាច្រើននាក់ទៀត បានធ្វើសកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តព្រះវិហារ យកទៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដូចជាឈ្មោះសានជាដើម ដោយពួកគេដឹកជញ្ជូនបានដោយរលូនតែម្ដង។ លោកប្រាក់ សុវណ្ណ ចៅហ្វាយខេត្តព្រះវិហារ ចាប់តាំងពីបានឡើងមុខតំណែងជាងមួយឆ្នាំមក គេនៅមិនទាន់ឃើញ អភិបាលខេត្តរូបនេះបញ្ចេញស្នាដៃទប់ស្កាត់បង្ក្រាបជំនួញឈើនៅខេត្តព្រះវិហារនៅឡើយទេខណ:នៅខេត្តព្រះវិហារល្បីបទល្មើសព្រៃឈើ។ ជាហេតុធ្វើឲ្យមជ្ឍដ្ឋាននានាមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំខេត្តរបស់លោកប្រាក់ សុវណ្ណ៕SRP