មេប៉ូលិស ស្រុកប្រាសាទបាគង ល្បីដោះលែង អ្នកលេងល្បែង អាចជាថ្នូរផលប្រយោជន៍

ខេត្តសៀមរាប៖រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានបង្ហោះផ្សព្វផ្សាយលាតត្រដាងរឿងអាស្រូវរបស់មេប៉ូលិសស្រុកប្រាសាទបាគងគឺលោកវរសេនីយ៍ទោ លឹម សម្បត្តិ

យោងតាមព័ត៌មានដែលបានបង្ហោះចែកចាយតាមបណ្ដាញសង្គមបានឲ្យដឹងថាប្រជាពលរដ្ឋមួយចំនួនបានប្រតិកម្ម ចំពោះ អធិការនគររដ្ឋានបាល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដោយចោទថា ជំរិតទារលុយពីអ្នកលេងល្បែងស៊ីសងក្នុងម្នាក់មួយលានរៀល ដោយជាថ្នូរទៅនឹងការដោះលែង ពួកគាត់អោយ ឲ្យមានសេរីភាព វិលត្រឡប់ ទៅផ្ទះទាំងកណ្ដាលយប់វិញ។ ការចោទប្រកាន់មកលើអធិការនគរបាលស្រុកប្រាសាទបាគងនេះក្រោយពេល សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងចុះចាប់ពលរដ្ឋ ក្នុងករណីបង្ក្រាបល្បែងស៊ីសង កាលពីជាងពីរសប្ដាហ៍មុន។

ប្រភពពីអ្នកស្រុកដែលសុំមិនប្រាប់ឈ្មោះ បានអោយដឹងថា  ក្រុមសមត្ថកិច្ចស្រុកប្រាសាទបាគង បានចាប់អ្នកលេងល្បែងស៊ីសង នៅតាមភូមិជាច្រើននាក់ ក្នុងនោះចាប់ទាំងអ្នកដែលមិនបានលេងផងដែរ។ យកទៅដាក់ខ្នោះដៃ ហើយសំឡុតអោយពួកគាត់បង់លុយចំនួន៣០០ដុល្លារជាថ្នូរនឹងការដោះលែង។ប៉ុន្ដែអ្នកលេងល្បែងអត់មានលុយ ក៏អង្វរសុំត្រឹមមួយលានរៀលដែលស្មើរនឹង២៥០ដុល្លាក្នុងម្នាក់។ អ្នកស្រុកបន្ដថា ប្រជាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ ខ្លះមិនបានលេងល្បែង គ្រាន់តែលក់ទឹក ខ្លះទៀតទៅទិញរបស់ហូប និងខ្លះទៀតដើរកាត់កន្លែងគេល្បែងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ពួកគាត់ដាក់រថយន្ដបញ្ជូនទៅអធិការដ្ឋានគរបាល ដែរ ដោយប្រាប់ថា អោយឡើងឡានសិនទៅ។

បើតាមប្រភពបន្តឲ្យដឹងទៀតថាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ មានប្រមាណជិត៣០នាក់។ ពួកគាត់ត្រូវបានសមត្ថកិច្ចសួរចំលើយ ហើយគម្រាមទារលុយ បើមិនបង់ប្រាក់ទេ មិនអាចរួចខ្លួននោះទេ។យោងតាមប្រភពបានបញ្ជាក់ទៀតថាក្រោយពេលចប់ការដោះស្រាយហើយ អធិការស្រុកប្រាសាទបាគង អោយដោះលែងទាំងយប់តែម្ដង។

ពាក់ព័ន្ធករណីនេះ អធិការស្រុក្រប្រាសាទបាគង លោកវរសេនីយ៍ទោ លឹម សម្បត្ដិ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានជំរិតទារលុយពីអ្នកលេងល្បែងដូចការចោទប្រកាន់នោះទេ។ អ្នកលែងល្បែងដែលសមត្ថកិច្ចចាប់ខ្លួនគឺសមត្ថកិច្ចអនុវត្ដទៅតាមផ្លូវច្បាប់។ក្នុងផងដែរគ្មានភស្ដុតាងណាមួយដែលសមត្ថកិច្ចជំរិតទារលុយពីអ្នកលែងល្បែងនោះទេ។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ លឹម សម្បត្ដិ អធិការស្រុក្រប្រាសាទបាគង បានបញ្ជាក់តាមប្រព័ន្ទតេលេកក្រាមរបស់គ្រុប.សៀមរាបប៉ុស្ដិ៍ ថាធម្មតា អ្នកធ្វើតែងតែខុស អ្នកមិនធ្វើ បានត្រូវ

នៅព្រឹកនេះដែរតាមរយ:ទំព័រផេកហ្វេសប៊ុករបស់លោកវរសេនីយ៍ទោ លឹម សម្បត្ដិអធិការស្រុក្រប្រាសាទបាគង បានសរសេរថាលិខិត របស់​ លោក​ អឿម ហួរ​ ធ្វើការបំភ្លឺ និងសូម​ទោស​ ដែលបាន​ផ្តល់ បទសម្ភាសន៍​ ដល់អ្នកសាព័ត៌មាន​ ដោយបាន បំភ្លើស និងចោទប្រកាន់​ មកលើរូបខ្ញុំបាទ​ រួមទាំងកងម្លាំង​ នៃអធិការដ្ឋានស្រុកប្រាសាទបាគង ដែលខិតខំលុបបំបាត់ ការលេងល្បែងស៊ីសង ក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ។

​សូមជ្រាប​ជា​ព័ត៌មាន​ កុំបំពានសិទ្ធអ្នកដ៏ទៃនិងកុំបំភ្លៃការពិត​។  ទោះយ៉ាងណាយោងតាមលិខិតមួយទំព័រសរសេរដោយពលរដ្ឋបានធ្វើការសុំទោសនគរបាលស្រុកប្រាសាទបាគងផងដែរ ក្រោយពីមានការបែកធ្លាយរឿងដល់អ្នកសារព័ត៌មាន។

បើយោងតាមច្បាប់បង្ក្រាបល្បែងស៊ីសងជំពូកទី៣មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១ម៉ឺនរៀលដល់៥ម៉ឺនរៀលឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០០៛ដល់ប្រាំសែនរៀលនិងដាក់គុកពី១ខែដល់មួយឆ្នាំ។មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រ ដល់២០.០០០.០០០រ និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា៕SRP