នាយករដ្ឋមន្ត្រី៖ សូមបងប្អូន បន្តយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព អោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានបន្តសូមបងប្អូន បន្តយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព អោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សម្ដេចបានបញ្ជាក់ថាមកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់​ WHO។

សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។ ជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា៕SRP