ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា«ចំពោះមន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាត ការគប់គិត ជាមួយមេខ្យល់ នាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់»។
លោក ជាម ច័ន្ទសោភ័ណ ក៏បានរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ ឲ្យចុះពិនិត្យ វាយតម្លៃតាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៌មាន ច្បាស់លាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ ទោះចាក់វ៉ាក់សាំងហើយក្តី។
ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២០ ខែមីនា ព្រឹកមិញ នាឱកាសលោកបាននាំយកថវិកាចំនួន៥លានរៀល អង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ និងទឹកសុទ្ធ១០០កេស ឧបត្ថម្ភជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ ក៏ និងវាយតម្លៃខ្ពស់ចំពោះ លោកស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង។ ពិសេសជាកម្លាំងយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងខេត្តត្បូងឃ្មុំ៕SRP



ខេត្តសៀមរាប៖ប៉ូលិសប៉ុស្ដិ៍ទាំង៩ឃុំ របស់ស្រុកប្រាសាទបាគង បានចេញលិខិតបដិសេធ ថាមិនមានល្បែងស៊ីសង ដូចហ្វេសប៊ុកបានបង្ហោះនោះឡើយ។ ការអះអាងរបស់ប៉ូលិសទាំង៩ឃុំនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះនៅថ្ងៃ សុក្រថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា៖«មានល្បែងស៊ីសងកំពុងកើតមានទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណ:ដែលរាជរដ្ឋាភិបាលកំពុងរវល់ទប់ស្កាត់កូវីដឆ្លងចូលសហគមន៍។នេះបើយោងតាមអោយដឹងម្ចាស់បន ល្បែង។ ម្ចាស់បនល្បែងមានឈ្មោះ សៀង ប្រិយ និង ភាគហ៊ុន២នាក់ទៀត»។


