Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករ
ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្ត្រីពាក់ព័ន្ធបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យប្រសិទ្ធភាពបន្ថែមទៀត
អភិបាលខេត្តកំពង់ចាម សំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

នៅក្នុងឱកាសប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ព្រមទាំងការរស់នៅរបស់កុមារទាំងអស់។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្មួយៗកុមារកំព្រាទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងអ្នកថែទាំ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីបុគ្គលិក និងអ្នកថែទាំទាំងអស់នៅក្នុងមជ្ឈមណ្ឌល ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំ ផ្ដល់ការអប់រំ និងក្ដីស្រឡាញ់ដល់កុមារទាំងនោះដូចជាកូនចៅបង្កើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យក្រុមការងារអន្តរក្រសួង បន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយផ្តោតលើការចុះធ្វើអធិការកិច្ចចំពោះកម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាសឱ្យបានច្បាស់លាស់។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំរៀបចំផែនការការងារ និងដឹកនាំអនុវត្តកិច្ចប្រតិបត្តិការជំនាញ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងការណែនាំពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក៕

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បែបនេះ ក្នុងឱកាសបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​ ដេីម្បីពង្រឹងការងារអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍​ និងច្បាប់ស្តីពីការងារ​ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

‎អាជ្ញាធរសង្កាត់ស្រង៉ែ និងសប្បុរសជនបន្តនាំយកយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនកងទ័ពជួរមុខ
‎
‎អាជ្ញាធរសង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើក ក្រុងសៀមរាប រួមជាមួយនឹងសប្បុរសជន នៅថ្ងៃ 30 ខែសីហាឆ្នាំ 2026 បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។
‎
‎លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បានឱ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ និងសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រគល់ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការគាំទ្រដល់កងកម្លាំងការពារព្រំដែន និងដើម្បីបង្ហាញពីការរួមសុខរួមទុក្ខរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការចូលរួមចំណែក ជួយសម្រាលការលំបាក និងការខ្វះខាតផ្សេងៗរបស់កងកម្លាំងកងទ័ព និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅដល់វីរកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីជាតិ។
‎
‎លោកស្រីចៅសង្កាត់ស្រង៉ែ បានបន្តថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ នៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។
‎
‎លោកស្រី បញ្ជាក់បន្ថែមទៀតថា អំណោយទាំងនេះ បានមកពីការអំពាវនាវ និងកៀរគររបស់អាជ្ញាធរសង្កាត់ចំពោះសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរសង្កាត់ហើយក៏ជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ដែលជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើង ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។
‎
សូមជម្រាបថា អំណោយទាំងអស់ប្រគល់ជូនដល់កងទ័ពជូនជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងបឹងត្រកួន ដែលមានចំនួន ៦គោលដៅរួមមាន៖ អូរស្មាច់ អូរខ្លាឃ្មុំ តាក្របី ប្រាសាទតាមាន់ វត្តតាមាន់សែនជ័យ និងបឹងត្រកួន៕SRP

អត្ថបទ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

‎អាជ្ញាធរខេត្តសៀមរាប៖ ការតែងតាំងគណៈអ៊ីម៉ាំខេត្ត ជាការពង្រឹងរចនាសម្ព័ន្ធដឹកនាំសាសនា និងបម្រើសហគមន៍ឥស្លាមឱ្យកាន់តែប្រសើរ
‎
‎អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំខេត្តនាពេលនេះ គឺជាសញ្ញាណបង្ហាញពីការពង្រឹងរចនាសម្ព័ន្ធដឹកនាំសាសនា ការរឹតចំណងសាមគ្គីភាព និងការបន្តបេសកកម្មបម្រើសហគមន៍ឥស្លាមនៅក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
‎
‎ក្នុងពិធីប្រកាសសមាសភាពសមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់សុទ្ធតែអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ក្នុងសង្គម និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងធម្មការ និងសាសនា។
‎
‎លោកអភិបាលរងខេត្ត បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈអ៊ីម៉ាំដែលទទួលបានការតែងតាំងថ្មី នឹងបន្តដឹកនាំសហគមន៍ ប្រតិបត្តិធម៌វិន័យបានត្រឹមត្រូវ និងអប់រំពុទ្ធសាសនិក/ឥស្លាមសាសនិកឱ្យគោរពច្បាប់ និងការណែនាំផ្សេងៗបានខ្ជាប់ខ្ជួន។
‎
‎លោក អះម៉ាត់ ប៉ះយ៉ាអារីហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានផ្តាំផ្ញើដល់គណៈអ៊ីម៉ាំទាំងអស់ត្រូវបន្តពង្រឹងឯកភាពផ្ទៃក្នុង ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ បង្កើនការយកចិត្តទុកដាក់លើការអប់រំសាសនា និងការកសាងសមត្ថភាពជំនាន់ក្រោយ។ ជាពិសេស ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នរដ្ឋ និងអង្គការដៃគូ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសង្គម និងសុខុដុមរមណីយកម្មរវាងប្រជាពលរដ្ឋគ្រប់ជំនឿសាសនា ដោយឈរលើគោលការណ៍កណ្តាល និងការអត់ឱន។
‎
‎ជាការឆ្លើយតប ឯកឧត្តម អ៊ែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតែងតាំងជាអ៊ីម៉ាំខេត្តសៀមរាប បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្រួបបង្រួមសាមគ្គីភាពក្នុងសហគមន៍ ពង្រឹងកិច្ចសហការរវាងអ៊ីម៉ាំ តួនៗ យុវជន ស្ត្រី និងសប្បុរសជន។ ប្ដេជ្ញាខិតខំជំរុញការងារមនុស្សធម៌ ចុះស្ដាប់បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនឥស្លាមនៅតាមមូលដ្ឋាន ព្រមទាំងលើកកម្ពស់តួនាទីយុវជនឥស្លាមក្នុងការងារសង្គម វប្បធម៌ និងអប់រំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕SRP

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

‎ឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ខណៈអាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា
‎
‎ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ ៦៩២ ក្បាលដី ស្ថិតក្នុងភូមិទាំង៦ នៃឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ដែលធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។
‎ 
‎លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានអំពាវនាវដល់ម្ចាស់ដីមកពិនិត្យឱ្យបានត្រឹមត្រូវលើឈ្មោះម្ចាស់កម្មសិទ្ធិ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ឈ្មោះឪពុកម្តាយ ទំហំដី និងព័ត៌មានពាក់ព័ន្ធផ្សេងៗ រីឯផែនទីក្បាលដីវិញ សូមពិនិត្យទីតាំង ព្រំប្រទល់ រូបរាងក្បាលដី និងព័ត៌មានសំខាន់ៗផ្សេងទៀត ដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវ។ ប្រសិនបើប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធពិនិត្យឃើញថា មានកំហុសឆ្គង ឬមានការជំទាស់តវ៉ាលើចំណុចណាមួយ សូមទាក់ទងក្រុមការងារប្រចាំការជាបន្ទាន់ ដើម្បីដាក់ពាក្យសុំកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីដែលបានកំណត់។
‎ 
‎លោកប្រធានមន្ទីរ បញ្ជាក់ថា ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តវន្ទារាមរង្សី ហៅវត្តត្រកៀត។ ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ ឬមន្ទិលណាមួយលើបញ្ហានេះ មន្ត្រីជំនាញដែលនៅប្រចាំការនឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល។
‎ 
‎លោកស្រី រឿន គីណា អភិបាលរងស្រុកពួក បានលើកឡើងថា ការផ្សព្វផ្សាយនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ ជៀសវាងមានជម្លោះនៅពេលចេញបណ្ណកម្មសិទ្ធិ ដោយបងបងប្អូនអាចដាក់ពាក្យស្នើសុំកែតម្រូវប្រសិនបើមានចំណុចខុសឆ្គងនាពេលបិទផ្សាយនេះ។ ការចុះបញ្ជីដីធ្លីនេះ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដោយអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ដែលជាប្រការសមស្របបំផុតកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
‎ 
‎ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថា ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ គឺជាកត្តាសំខាន់ដែលជួយជំរុញឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងឈានទៅរកការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនត្រឹមតែផ្តល់នូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយវិវាទដីធ្លី បង្កើនសន្តិសុខក្នុងការកាន់កាប់ទ្រព្យសម្បត្តិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយជាតិស្តីពីដីធ្លី និងច្បាប់ភូមិបាលទៀតផង៕SRP

អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

ព្រះចៅអធិកាវត្តកេសរារាមមានថេរដីកាថា៖រួមគ្នាកសាងសមិទ្ធផលវត្តអារាម គឺជួយលើកស្ទួយព្រះពុទ្ធសាសនាគឺជាសច្ចធម៌ដ៏មានតម្លៃស្តែងចេញពីទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទ

     អគារផ្ទះបាយថ្មី១ខ្នងកម្ពស់ពីរជាន់ដែលមានប្រវែងទទឹង១៣ម៉ែត្រនិងបណ្តោយ២១ម៉ែត្រដែលមានជាន់ខាងក្រោមសម្រាប់ផ្ទះបាយនិងជាន់លើសម្រាប់ព្រះសង្ឃគង់នៅសិក្សាដែលកំពុងតែសាងសង់បានប្រមាណប្រហែលជា៦០ភាគរយហើយនោះ ត្រូវបានព្រះចៅអធិការវត្ត ព្រមទាំព្រះសង្ឃ និងអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្តកេសរារាម ហៅវត្តធម្មយុត្ត ដែលស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាផ្តួចផ្តើមធ្វើ បុណ្យ ផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យមកកសាងបន្ថែមទៀតឲ្យបានរួចរាល់ ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីគឺប្រារព្ធធ្វើនៅរសៀលថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦នេះ។
     ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរារាម បានមានថេរដីការថា ការរួមគ្នាកសាងសមិទ្ធផលវត្តអារាម គឺជួយលើកស្ទួយព្រះពុទ្ធសាសនា គឺជាសច្ចធម៌ដ៏មានតម្លៃស្តែងចេញពីទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទហើយការរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមមិនត្រឹមតែជាការកសាងសំបកក្រៅនោះទេ ប៉ុន្តែវាជាការបង្កើតមូលដ្ឋានគ្រឹះទ្រទ្រង់សាសនា វប្បធម៌ និងការអប់រំមនុស្សក្នុងសង្គមជាតិ ។

ព្រះចៅអធិការវត្ត មានថេរដីកាបន្តថា ការចូលរួមរបស់ ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពុទ្ធបរិស័ទក្នុងការកសាងសមិទ្ធផលនានា មិនត្រឹមតែជាការរួមចំណែកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពី សាមគ្គីភាព សទ្ធាជ្រះថ្លា និងការចូលរួមថែរក្សាមរតកព្រះពុទ្ធសាសនា និងវប្បធម៌ជាតិ ឱ្យបន្តស្ថិតស្ថេរ និងរីកចម្រើន សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងកូនចៅជំនាន់ក្រោយ។
ព្រះអង្គក៍បានមានថេរដីកាទៀតថាការធ្វើបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះគឺជាស្មារតីនៃការចូលរួមរបស់ពុទ្ធបរិស័ទគ្រប់ទិសទី ដោយផ្តោត លើការកសាងសមិទ្ធផលដែលអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។ ការបរិច្ចាគថវិកា កម្លាំងកាយ និងប្រាជ្ញាស្មារតីដើម្បីកសាងវត្តអារាម គឺជាការសន្សំកុសលផលបុណ្យ និងជាការធានាថាព្រះពុទ្ធសាសនានឹងបន្តស្ថិតស្ថេរគង់វង្សចីរកាលសម្រាប់កូនចៅជំនាន់ក្រោយ។
ព្រះវិបុលសត្ថា រី សាត ក៍បានមានថេរដីកាបញ្ជាក់បន្ថែមថា អាស្រ័យដោយបច្ចុប្បន្ននេះ ព្រះសង្ឃដែលកំពុងគង់នៅ និងសិក្សារៀនសូត្រធម៌វិន័យ មានចំនួនកើនឡើង ប៉ុន្តែអគារសម្រាប់គង់នៅ និងសិក្សានៅមានកម្រិតហើយផ្ទះបាយសម្រាប់ធ្វើចង្ហាន់មានភាពចាស់ទ្រុឌទ្រោមផងដែរ ដោយក្នុងនោះដីក្នុងទីធ្លាវត្តមានការតូចចង្អៀតទើបព្រះអង្គនិងអាចារ្យគណៈកម្មការវត្តសម្រេចធ្វើការកសាងអគារផ្ទះបាយថ្មី១ខ្នងមានកម្ពស់ពីរជាន់ដោយមានជាន់ខាងក្រោមសម្រាប់ផ្ទះបាយនិងជាន់លើសម្រាប់ព្រះសង្ឃគង់នៅសិក្សា ហើយការកសាងនេះមិនត្រឹមតែជាការសម្រួលដល់ការគង់នៅនិងការសិក្សារបស់ព្រះសង្ឃប៉ុណ្ណោះទេប៉ុន្តែគឺជាការសាងទ្រព្យក្នុងព្រះពុទ្ធសាសនា ដ៏វិសេសវិសាល ដែលនឹងផ្ដល់ផលានិសង្សយ៉ាងធំធេងដល់អ្នកកសាង ទាំងក្នុងជាតិនេះ និងជាតិខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប មានអ្នកចូលរួមប្រមាណជិត ៦ពាន់នាក់

ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦  ក្មុងគោលបំំណង ថែទាំសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឱ្យ រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់  ក្នុងការងារប្រតិបត្តិការ លើកការបង្កាបង្ក្រាបនូវរាល់បទល្មើស និង អន្តរាគមន៍សង្គ្រោះ ដែលព្រឹត្ដិការណ៍នេះមានអ្នកចូលរួមរត់ចំនួន ៥ពាន់៥៩២នាក់ ក្នុងនោះចម្ងាយ ៥,៥គីឡូម៉ែត្រ។

ក្នុងព្រឹត្ដិការណ៍នេះ  លោក យុន លីនណេ អភិបាលរងខេត្ដ មានប្រសាសន៍ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស  ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង ហើយការរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដ របស់កងរាជអាវុធហត្ថនាពេលនេះ គឺក្នុងគោលបំណង សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង និងជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ដផងដែរ។

លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា ការហាត់ប្រាណ និង លេងកីឡា បានធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ និង ប្រាជ្ញាវៃឆ្លាត ព្រមទាំងបង្កើននូវចំណងមិត្តភាព សាមគ្គីភាពល្អ ហើយក៏ជាការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រតិបត្តិការ លើកការបង្កា បង្ក្រាបនូវរាល់បទល្មើស និង សង្គ្រោះ ។ 

លោកឧត្ដមសេនីយ៍ត្រី សៀ ទីន  បញ្ជាក់ថា កងរាជអាវុធហត្ថខេត្ដសៀមរាបតែងតែរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដជាប្រចាំដោយរៀងរាល់ថ្ងៃអង្គារពេលល្ងាច ក្នុងនោះមហាជនក៏អាចចូលរួមរត់បានផងដែរ ដើម្បីធ្វើឱ្យសុខភាពរាងកាយយើងកាន់តែរឹងមាំ និងប្រសើរឡើង។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រីបានថ្លែងអំណរគុណដល់ដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ៕SRP

អត្ថបទបទ ៖ លោក អោត រត់
កែសម្រួល ៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

ឯកឧត្តម សុខ លូ បង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព។

ឯកឧត្តម សុខ លូ បង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឳកាសបានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យបច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋបាលនាថ្ងៃអនាគត និងការអភិវឌ្ឍគ្រប់វិស័យដែលផ្អែកទៅលើទិន្នន័យ ដែលបច្ចេកវិទ្យានិងធនធានមនុស្សនេះក៏ជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះខេត្តគួយចូវដែលមានសេដ្ឋកិច្ចឌីជីថលយ៉ាងធំ និងមានសក្តានុពលខ្លាំង ហើយទំនាក់ទំនងការបរទេសរវាងខេត្តបាត់ដំបងនិងទីក្រុងគួយយ៉ាង នៃខេត្តគួយចូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ផ្លាស់ប្តូរទំនិញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង លើវិស័យបច្ចេកវិទ្យានេះបានកាន់តែច្រើន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

ស្ថានទូតអាមេរិកដាក់ឱ្យដំណើរការពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» នៅខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក

កម្មវិធីពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល American Corner នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (USEA) ខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមពី លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត និងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា «សារមន្ទីរស្ថាបនិក» (Founders Museum) ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាន គឺជាពិព័រណ៍អប់រំបែបអន្តរកម្ម ដែលនាំមកនូវប្រវត្តិសាស្ត្រ និងវប្បធម៌អាមេរិកឱ្យកាន់តែមានភាពរស់រវើក។ ពិព័រណ៍នេះមានការដាក់បង្ហាញនូវសមាសភាគរៀបចំសម្រិតសម្រាំង ដែលរំលេចពីក្រុមស្ថាបនិកជាតិ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសអាមេរិក ដែលការដឹកនាំ និងភាពច្នៃប្រឌិតរបស់ពួកគេ នៅតែបន្តជំរុញការបង្កើតថ្មីរបស់អាមេរិកឱ្យរីកចម្រើនទៅមុខ។
អ្នកទស្សនាអាចស្កែន QR Code លើទូរស័ព្ទដៃ ដើម្បីទស្សនាវីដេអូគំនូរជីវចល និងស្តាប់សាច់រឿងរៀបរាប់ផ្ទាល់ដោយតួអង្គប្រវត្តិសាស្ត្រអាមេរិក។

លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការបង្កើតភាពជាដៃគូជាមួយកម្ពុជា តាមរយៈទំនាក់ទំនងការទូត វិស័យអប់រំ និងវប្បធម៌។ គំនិតផ្តួចផ្តើមផ្នែកការទូតទាំងនេះ បានកសាងជំនាញ ចំណេះដឹង និងទំនាក់ទំនងដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើនភាពជាដៃគូខាងផ្នែកសេដ្ឋកិច្ច ដែលជាកត្តាជំរុញឱ្យមានភាពរីកចម្រើនលូតលាស់រួមគ្នា។ លោកស្រីបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ការបើកសម្ពោធនេះ បង្ហាញពីចំណុចរបត់ដ៏សំខាន់មួយនៅក្នុងការប្រារព្ធពិធីអបអរសាទរសេរីភាព២៥០ (Freedom 250) ជាបន្តបន្ទាប់របស់ស្ថានទូតសហរដ្ឋអាមេរិក ដោយបង្ហាញពីឧត្តមភាព ការផ្តល់កិត្តិយសដល់ប្រវត្តិសាស្ត្រ និងការអបអរសាទរចំពោះសមិទ្ធផលយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» នេះ នឹងដាក់ជូនសាធារណជនចូលទស្សនារយៈពេលពីរសប្តាហ៍ នៅមជ្ឈមណ្ឌល American Corner នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (USEA) ខេត្តសៀមរាប៕SRP

អត្ថបទ និងរូបភាព: លោក ឡៃ បញ្ញា
កែសម្រួល: លោក ហាំ ម៉េងហួត

Like 196
Comment 0
Share ចែកចាយ
Views 3.3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៦

មន្ទីរអប់រំខេត្តសៀមរាប បើកការប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប នៅថ្ងៃម្សិលមិញបានរៀបចំពិធីបើកការប្រកួត «ជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតនិយាយជាសាធារណៈ «វោហារសព្ទឆ្នើម»។

ក្នុងឱកាសនោះ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគូសបញ្ជាក់ថា ការជជែកដេញដោលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដោយសារវេទិកានេះមិនត្រឹមតែបណ្តុះសមត្ថភាពស្វែងរកការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងបុគ្គលិកលក្ខណៈ និងសីលធម៌រស់នៅប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ វាក៏ជួយឱ្យយុវជនចេះដោះស្រាយបញ្ហាចំពោះមុខបានឆាប់រហ័ស និងមានយុទ្ធសាស្ត្រ ព្រមទាំងបង្កើតឥទ្ធិពលវិជ្ជមាន និងដឹកនាំការផ្លាស់ប្តូរក្នុងសហគមន៍ផងដែរ។

លោកប្រធានមន្ទីរបានបន្តថា ការជជែកដេញដោលនេះ គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍសមត្ថភាពយុវជនទាំងលើផ្នែកការសិក្សា ជីវិតបុគ្គល និងការងារ ដោយបណ្តុះឱ្យយុវជន ចេះរៀនវិភាគបញ្ហាពីច្រើនជ្រុងជ្រោយ (ទាំងស្រប និងបដិសេធ) ដោយមិនយកអារម្មណ៍ផ្ទាល់ខ្លួនមកសម្រេច និងចេះបែងចែករវាង «ហេតុផលពិតប្រាកដ» និង «មតិគ្មានមូលដ្ឋាន» បង្កើនទំនុកចិត្តលើខ្លួនឯងក្នុងការរៀបចំគំនិតឱ្យមានសណ្តាប់ធ្នាប់ និងនិយាយដោយភាពក្លាហាន។ លោកបានបន្ថែមថា ការប្រកួតនេះមិនមែនគ្រាន់តែជាការប្រកួតយកឈ្នះចាញ់នោះទេ ប៉ុន្តែគឺជាសាលាបណ្តុះបណ្តាល «ធនធានបញ្ញវន្ត» ដ៏ពិតប្រាកដសម្រាប់អនាគតប្រទេសជាតិ។

ជាមួយគ្នានេះ លោក លី ប៊ុនណា ក៏បានរំលេចផងដែរថា យុវជនត្រូវខិតខំពង្រឹងសមត្ថភាពលើផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីដើរឱ្យទាន់សម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។ ចំណេះដឹង AI នឹងក្លាយជាឧបករណ៍ជំនួយដ៏មានតម្លៃក្នុងការគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍឡើងចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។

ដោយឡែក លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីយុវជនឱ្យក្លាហានក្នុងការបញ្ចេញមតិ ការស្រាវជ្រាវ និងការគិតបែបស៊ីជម្រៅ ព្រមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សថ្នាក់ទី១០ មកពីបណ្តាវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាក្នុងខេត្ត បានចែករំលែកទស្សនៈ យល់ដឹងពីសង្គម និងដេញដោលដោយផ្អែកលើហេតុផល និងច្បាប់ ដើម្បីជ្រើសរើសក្រុមបេក្ខជនឆ្នើមតំណាងឱ្យខេត្ត ទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនាពេលខាងមុខ។

សូមបញ្ជាក់ថាសម្រាប់ខ្លឹមសារនៃការប្រកួតរួមមាន៖
១. ការប្រកួតនិយាយជាសាធារណៈ «វោហារសព្ទឆ្នើម»
ធ្វើឡើងក្រោមប្រធានបទ «ចូលរួមជាមួយសហគមន៍ដើម្បីអភិវឌ្ឍទេសចរណ៍ក្នុងតំបន់» រួមមាន:
ប្រធានបទ «មន្តស្នេហ៍»
ប្រធានបទ «ឋានឱសថ»
ប្រធានបទ «ពេជ្រសុវណ្ណភូមិ»
ប្រធានបទ «ស្មារតី៣ប្រការ»
២. ការប្រកួតជជែកដេញដោលជាក្រុម (ក្រុមស្រប និងក្រុមបដិសេធ)
ធ្វើឡើងលើប្រធានបទចំនួន ២ រួមមាន៖
ប្រធានបទទី១៖ «ការហូរចូលនៃវប្បធម៌បរទេសតាមបណ្តាញសង្គម គឺជាបញ្ហាប្រឈមចម្បងដល់សិស្សនាពេលបច្ចុប្បន្ន»
ប្រធានបទទី២៖ «ចំពោះប្រទេសកំពុងអភិវឌ្ឍ យើងជាយុវជនត្រូវតែផ្តោតលើការសិក្សាវិជ្ជាជីវៈជាការប្រសើរ»៕SRP

អត្ថបទ និងរូបភាព : លោក ទ្រា ពន្លឺ
កែសម្រួល: លោក ហាំ ម៉េងហួត

Like 196
Comment 0
Share ចែកចាយ
Views 4.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២៦

នគរបាលខេត្តសៀមរាបបង្ក្រាប ក្មេងទំនើងនៅក្រុងសៀមរាប ដែលអុកឡុកពេលយប់

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានបើកប្រតិបត្តិការបង្ក្រាប ក្រុមក្មេងទំនើងចំនួន៨នាក់ ដែលបានអុកឡុកពេលយប់នៅតំបន់ទេសចរណ៍។

ឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការប៉ូលិសខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ ពីសារព័ត៌មាន ដែលបានបង្ហោះវីដេអូររយៈពេល៤វិនាទី ពីក្រុងក្មេងទំនើងដេញកាប់គ្នា នៅចំណុចខាងត្បូងស្តុបជន្លង់ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង២៣ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ឧត្តមសេនីយ៏ទោ ហួត សុធី បានបន្តថា បន្ទាប់មកកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ដល់ម៉ោង១៥ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ យកមកសាកសួរ។

ឧត្តមសេនីយ៏ទោ ហួត សុធី បានបញ្ជាក់ថា ក្រោយពីសាកសួរ ក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា ក្នុងពេលកើតហេតុពួកខ្លួនបាននាំគ្នាជិះម៉ូតូដើរលែង ហើយដល់ចំណុចកើតហេតុ ក៏ស្រាប់មានក្រុមក្មេងមួយក្រុមអង្គុយក្បែរស្ថានីយ៍សាំង ជេរខ្លួន រួចខ្លួនក៏បានរើសដុំថ្ម ដំបង ដងឆ័ត្រ ហើយជិះត្រឡប់ក្រោយ ដេញវាយ និងគប់ ទៅលើគូរជម្លោះម្ខាងទៀត ក្រោយពីធ្វើសកម្មភាពហើយ ពួកខ្លួនបានបោះចោលដំបង ដងឆ័ត្រតាមផ្លូវ និងជិះម៉ូតូគេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ពួកខ្លួនបានជាបន្តបន្ទាប់តែម្ដង។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាង ម៉ូតូជនសង្ស័យ ធ្វើសកម្មភាពចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង។ ជាមួយគ្នានេះបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផល ឈ្មោះងួន ចន្ធី វិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបផងដែរថាការបង្ក្រាបនេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍។

គួររំលឹកដែរថាលោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការប៉ូលិសខេត្តសៀមរាប បានដាក់បទបញ្ជាម៉ឹងម៉ាត់ឲ្យការិយាល័យជំនាញ និងអធិការក្រុង-ស្រុក បង្ក្រាបឱ្យខានតែបាននៅក្មេងទំនើង និងម៉ូតូកែច្នៃខុសបច្ចេកទេស»៕SRP

Like 198
Comment 0
Share ចែកចាយ
Views 9.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២៦

ខេត្តសៀមរាបត្រៀមរៀបចំកម្មវិធី «សមរាត្រី Equinox Run» នាចុងកញ្ញា ដើម្បីជំរុញទេសចរណ៍ និងមនុស្សធម៌

សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដង ក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា ហើយសម្រាប់សមរាត្រីខែកញ្ញា ឆ្នាំ២០២៦នេះដែរ ខេត្តសៀមរាប នឹងរៀបចំកម្មវិធីពិសេសមួយអមនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺកម្មវិធី «សមរាត្រី Equinox Run» ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្តសៀមរាប ទៅកាន់ពិភពលោក តាមរយៈ “មនុស្សម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់” បង្ហាញពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ពិភពលោក។

ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីនេះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប កម្មវិធីសមរាត្រី Equinox run នឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ស្របនឹងព្រឹត្តិការណ៍សមរាត្រី។ ព្រឹត្តិការណ៍នេះ ជាឱកាសយើងរួមគ្នាក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅរដូវកាលបៃតង និងការបំផុសឱ្យបងប្អូនបានដឹងថា អង្គរបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើង និងបង្ហាញពីបរិយាកាសរីករាយក្នុងព្រឹត្តិការណ៍សមរាត្រី ក៏ដូចជាការណាត់ជួបគ្នាដើម្បីបង្កើនមិត្តភាព បង្កើតការសាមគ្គីតាមរយៈកីឡា។

លោកអភិបាលរងខេត្ត បានណែនាំ និងជំរុញដល់ក្រុមដែលរៀបចំ ត្រូវសិក្សាឱ្យបានច្បាស់លាស់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានកើតឡើង។ ជាពិសេសគិតគូរពីសុខភាពរបស់អ្នកចូលរួម និងការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលកម្មវិធីព្រឹត្តការណ៍ចាប់ផ្ដើម ដើម្បីកាត់បន្ថយការកកស្ទះ។

លោកបានបញ្ជាក់ថា ព្រឹត្តការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៤ និង៣០នាទីព្រឹក ដោយរំពឹងថានឹងអ្នកមានអ្នកចូលរួមប្រមាណពី ៥ ០០០ ទៅ១ម៉ឺននាក់។ សម្រាប់អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ អាចចូលរួមបរិច្ចាគថវិកា ដែលថវិកានេះក្រុមហ៊ុនរៀបចំ នឹងប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីរៀបចំក្នុងគោលបំណងរបស់កម្មវិធីគឺ “សុខភាព មនុស្សធម៌ និងទេសចរណ៍” ដោយអ្នកចូលរួមនឹងទទួលបានអាវយឺត និងស្លាកលេខដោយឥតគិតថ្លៃ៕SRP

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 4.5K
Sponsored
Older posts
Newer posts
← Previous Page1 … Page4 Page5 Page6 … Page689 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករ អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករ ចុះផ្សាយថ្ងៃទី ១៣ កញ្ញា ២០២៦
ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន ក្រុមហ៊ុន ROYAL CERA CO., LTD.  បំពុលបរិស្ថាន ចុះផ្សាយថ្ងៃទី ១៣ កញ្ញា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី “Kapea App” ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះផ្សាយថ្ងៃទី ១២ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×