អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសហការគ្នាជាមួយអាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវដែលប្រជាកសិករយើងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត។
អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ជំរុញបែបនេះ
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត ៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត។
គួរបញ្ជាក់ថា ប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច-ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង ក្នុងមួយកន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួនក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា ខណៈគម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ៣២ លានដុល្លារអាមេរិក៕SRP