Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។

-គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជាង ៦០ ភាគរយហើយ។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

-ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

-ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។

-កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

-ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៥

ប្រាប់ឲ្យហើយ! លួចនៅសៀមរាបរត់មិនរួចទេ

ខេត្តសៀមរាប៖មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលទើបចេញពីប្រពន្ធនាគារ ហើយធ្វើសកម្មភាពលួចម៉ូតូបន្ថែមទៀតត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបហ្នឹងនគរបាលស្រុកសូទ្រនិគមន៍បានចំនួនពីរនាក់។

ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ទោហួត សុធី បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ហួត សុធី បន្តថានៅថ្ងៃទី២៤,២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ មានករណីអំពើលួចម៉ូតូនៅក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការនគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក ករណីអំពើលួចម៉ូតូ បន្ទាប់មកជនសង្ស័យឈ្មោះព្រិន ជឿន បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះឈឹម ហាន ហៅតាក្របីជុយ ភេទប្រុស បានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន០៣លើក ហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះឈឹម ហាន ហៅតាក្របីជុយ ដែលជាបក្ខពួក និងបានស្រាវជ្រាវរកឃើញម៉ូតូចំនួន០២គ្រឿង ឈ្មោះឈឹម ហាន ហៅតាក្របីជុយ បានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូ ជាមួយបក្ខពួកឈ្មោះព្រិន ជឿន ពិតប្រាកដមែន។

ស្នងការខេត្តសៀមរាបរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបានម៉ូតូចំនួន០២គ្រឿង៖
ទី០១ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ សៀមរាប 1AQ -7895 ដែលមានលេខតួ និងលេខម៉ាស៊ីន 0121508
ទី០២ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AL-6172  មានលេខតួ/លេខម៉ាស៊ីន 6139687។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រីឯវត្ថុតាង ម៉ូតូចំនួនពីរគ្រឿងបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ) ទទួលបានជោគជ័យនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២៥

ប្រមុខក្រសួងមហាផ្ទៃ រំលេចវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ពេលផ្ដល់អនុសាសន៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ

ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេសនយោបាយដឹកនាំរបស់កម្ពុជាប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។

ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចនូវខ្លឹមសារជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទីម័រ ក៏បានបង្ហើបអំពីផែនការមួយរបស់ជាតិ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋាភិបាលទីម័ របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ដោយឡែកក្នុងកាលៈទេសៈដែលមានការប្រឈមមុខតទល់ជាមួយអំពើឈ្លានពានបង្កហេតុឥតឈប់ឈររបស់ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់អង្គពិធីថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និងប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំងនយោបាយការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន។

ភ្ជាប់នឹងការគូសរំលេចអំពីវីរភាពសម្ដេចតេជោ និងការដឹកនាំរាជរដ្ឋាភិបាលរបស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាល របស់រដ្ឋបាល និងមន្ត្រីគ្រប់ថ្នាក់ចំណុះស្រុកបាភ្នំ ជាពិសេសកិច្ចការពារសន្តិភាព ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាប្រក្រតីភាព និងគុណភាពនៃសេវាសាធារណៈ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍមូលដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការអភិវឌ្ឍធនធានមនុស្ស តាមគ្រប់មធ្យោបាយ និងគ្រប់កម្រិត ភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គ្រប់ផែនការសកម្មភាពរបស់រដ្ឋបាលស្រុកបាភ្នំក្ដី អង្គភាពចំណុះ រួមទាំងក្រុមការងារគាំទ្រ ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ គឺត្រូវតែផ្សារភ្ជាប់ទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានសកម្មភាពចូលរួមគាំទ្រ និងជួយជ្រោមជ្រែងពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ ដោយប្រកាន់ខ្ជាប់នៅគោលការណ៍គ្រឹះ ៣ គឺសកម្មភាពដែលត្រូវអនុវត្ត ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និងតម្រង់ទិសបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២៥

ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។

បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក អធិការរដ្ឋាននគរបាលក្រុង ស្រុក ឬផ្ញើទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងហ្វេសប៊ុក ផ្ទាល់របស់ឯកឧត្តម ស្នងការ និងរដ្ឋបាលខេត្ត រួមទាំងអគ្គស្នងការរដ្ឋាននគរបាលជាតិជាដើម ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប បូករួមទាំងល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន ដោយសម្តេចបានចាត់ទុកថា បញ្ហាទាំងអស់នេះសុទ្ធសឹងតែជាប្រភពនាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល បន្ថែមលើផលប៉ះពាល់ដោយផ្ទាល់ចំពោះជនប្រព្រឹត្ត ក្រុមគ្រួសារ និងសង្គមក្នុងមូលដ្ឋាន៕SRP

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៥

អភិបាលខេត្តកំពង់ចាម​ ជំរុញឱ្យក្រុមហ៊ុនបង្កេីនការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងឯកឧត្ដម​ វង្ស​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និងជាប្រធានគម្រោង នៅនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ ដោយមានការចូលរួមពីអភិបាលរងខេត្ត, នាយករដ្ឋបាល, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរក្រុងកំពង់ចាម, ចៅសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

ជាលទ្ធផលបន្ទាប់ពីកិច្ចប្រជុំ និងការព្រមព្រៀងឯកភាពគ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជំរុញ និងដោះស្រាយការងារចាំបាច់ដូចខាងក្រោម:

១-​ជំរុញការភ្ជាប់បណ្តាញទឹកកខ្វក់​ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេអោយបានឆាប់
​ ២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក​ និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ​ ដេីម្បីសម្រួលដល់ការរស់នៅ​ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ
​ ៣-ជំរុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឲ្យបានស្អាត​ឡេីងវិញ​ អោយបានលឿនបំផុត
​ ៤-ជំរុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារ​ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ
​ ៥-ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ សហការជាមួយអាជ្ញាធរក្រុង​ ដេីម្បីត្រួតពិនិត្យ​ វាយតម្លៃ​ និងជម្រុញការដ្ឋានទាំងនេះជាប់ជាប្រចាំ។

គួរបញ្ជាក់​ផងដែរថា​ គម្រោងសាងសង់ប្រព័ន្ធលូ​ រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ មកដល់បច្ចប្បន្ននេះ​បានសម្រេចការសាងសង់បានប្រមាណជាង៧៩%ហេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា !

អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។

សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។

ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។

ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី៕

Thailand Still Harbors Ambitions and Greed for Cambodian Territory!

Thai extremist politician, Sondhi Limthongkul, made it explicitly clear that if he were to win the national election and gain full control of the country, he would mobilize military forces to invade Cambodian territory and seize several provinces such as Battambang, Siem Reap, Banteay Meanchey, Preah Vihear, and Koh Kood, and potentially even reach the capital, Phnom Penh.

Here is a statement made by Sondhi Limthongkul in Thai:
«Ah Hun Sen, Mohar Techo. You are lucky that I, Sondhi Limthongkul, do not hold power. If I did, today I would already have taken Battambang, Siem Reap, and Serei Saophoan, and tomorrow I would go for Preah Vihear and then on to Koh Kood. And if you’re still not satisfied, I would head straight for Phnom Penh».

Such remarks from this Thai extremist politician clearly demonstrate a deep-seated ambition and greed to seize Cambodian territory. Therefore, I call on all Khmer compatriots to unite as one strong nationalist movement, to remain ever vigilant, and always be prepared to resist and dismantle Thailand’s sinister schemes to encroach upon Cambodia’s sovereign land.

Given such aggressive intentions, we must strengthen all types of armed forces, reinforce national defense among the people, and strive to expedite border demarcation negotiations with Thailand. We must prepare ourselves for a long-term struggle through military, political, diplomatic, and legal paths. Until the border is clearly demarcated, the risk of military clashes or border wars remains high and difficult to avoid.

I do not wish to respond directly to those who seek to invade our land. This is a message to alert and awaken our Cambodian compatriots to be ready to fight off any invaders of our territory.

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៥

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា និងបានដុតកម្ទេចគ្រឿងញៀន ជាង ៤៣២ គីឡូក្រាម។

វិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ ចំការកៅស៊ូចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ក្រោមអធិបតីភាព ឯកឧត្តមឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ទិវានេះរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ប៉ុន្តែឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ នៅក្នុងស្រុកចំការលើ ពីព្រោះគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការរូបអូសនិងដុតកម្ទេចចោលនៅពេលនេះមានទម្ងន់ ជាង ៤០០ គីឡូក្រាម។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់យុវជន សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញោះញុងបោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀន គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន ។ ដូច្នេះទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន។

ឯកឧត្តមឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយកឱកាសនោះថ្លែងក៏សរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បានយកអស់កម្លាំងកាយចិត្ត ចូលរួមគ្រប់រូបភាព វិធីសាស្ត្រក្នុងបេសកកម្មដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងខេត្តកំពង់ចាមទាំងមូល ក៏ដូចជារួមចំណែកគ្រប់សកម្មភាព រៀបចំទិវាអន្តរជាតិឆ្នាំនេះ ឲ្យដំណើរការទៅយ៉ាងរលូន និងសកម្មផលផុស នៅក្នុងទឹកដីស្រុកចំការលើ ដែលបានបង្ហាញពីស្មារតីចូលរួម និងជាចលនាជាតិមួយ គឺចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងក្នុងសហគមន៍គ្មានគ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៥

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ខណៈជនសង្ស័យ រត់ទៅសំងំលាក់ខ្លួននៅក្រោយផ្សារភូមិភាគ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

ករណីហិង្សានេះបានកើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នងវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពបានរាយការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ ពក ពេជ្រ ហៅវែង ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិគោកដូង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅ វត្តព្រះអង្គកងជុំ ភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ ភា សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សថ្នាក់៣ ស្នាក់នៅអង្គការគាំពារកុមារកំព្រានិងអភិរក្ស សិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា ស្ថិតនៅ គោគតាចាន់ សង្ហាត់គោកចក ក្រុងសៀមរាប។

បច្ចុប្បន្នក្មេងរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផា។ សូមបញ្ជាក់ករណីហិង្សានេះជនសង្ស័យ បានយកពូថៅប្រើអំពើហិង្សាទៅលើក្មេងកំព្រាដែលជាជនរងគ្រោះកំពុងដេកលើអង្រឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៥

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ត្រូវបានក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក។ នៅថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។  ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ក្រោយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២២  រោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី៣។ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបានរកឃើញ ថាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅកបែរក្រុមហ៊ុន។ សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់ តាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្ម លើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។

រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៥ ឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកម្តងទៀត បន្ទាប់មកនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែង បន្ថែមទៀត បន្ទាប់ពីថ្មីៗកន្លងមកមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន មិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និង បង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។

នៅពេលនេះ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ក្នុងនោះមាត្រា១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រ១១ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ ឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹកសាធារណៈ និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៥៩០ សជណ. ដប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

ខេត្តសៀមរាប៖កិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះនាព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឡើងរាយការណ៍ពីវឌ្ឍនភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប អំពីការត្រៀមបម្រុងទាំងកម្លាំង អាវុធ សម្ភារៈ មធ្យោបាយ ក្រុមជួយសង្គ្រោះស្បៀងត្រៀម និងសម្ភារៈផ្សេងៗទៀត សម្រាប់បង្ការទុកប្រើប្រាស់។​

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានលើកឡើង ពីការខិតខំប្រឹងប្រែង​អនុវត្ត​យ៉ា​ង​​សកម្មពីក្រុមការងារថ្នាក់ជាតិ ​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នា​ក់ ​​​​​​កងកម្លាំងសមត្ថកិច្ច​ និងមន្ទីរ-​អង្គភាព​នានា​ជំនាញនានាជុំវិញខេត្ត​ ពិសេសក្រោមការដឹកនាំរ​បស់គណៈបញ្ជាការឯកភាពខេត្ត បានធ្វើឱ្យខេត្តសៀមរាប សម្រេច​បា​ននូវលទ្ធផល ដូចខាងក្រោម៖​​​​

១.រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិនបានល្អប្រសើរ ដែលបានបង្ហាញឱ្យឃើញតាមរយៈ ចំនួនបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស អាវុធខុសច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណេត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនានា មានការថយចុះគួរឱ្យកត់សម្គាល់។

២.ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព មានកិច្ចសហប្រតិបត្តិការណ៍ល្អរវាងសមត្ថកិច្ចពាក់ព័ន្ធ រក្សាបាននូវស្ថេរភាព ប្រសិទ្ធភាព និងទាន់សភាពការណ៍

៣.ក្នុងរយៈពេលកន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានត្រៀមលក្ខណៈ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់

៤.បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ…-ល-។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានកោតសរសើរដល់ការរៀបចំ និងការត្រៀមកម្លាំង ក៏ដូចជាការដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានអនុវត្តការងារបានល្អនាពេលកន្លងមក។

ឯកឧត្តមក៏បាននាំយកនូវអំណោយ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មានជាសម្ភារៈ គ្រឿង ឧបភោគ បរិភោគ អង្ករចំនួន ៦០ ការ៉ុង មីជាតិចំនួន ៦០កេស ទឹកស៊ីអ៊ីវចំនួន ៥០យួរ មកជូនដល់កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍមួយចំនួនអំពីបញ្ហានៅតាមព្រំដែនដែលកំពុងតែមានជម្លោះរវាង កម្ពុជា-ថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់។

មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។
ឯកឧត្តម សុខ លូ បានបង្ហើបពីគោលបំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគត។
ឯកឧត្តម សុខ លូ ​បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែផ្លែឈើនិងផលិតផលរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបងយើង។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។

ជាមួយគ្នានេះរដ្ឋបាលខេត្តបានរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ដោយបន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ទុរេនគឺបកផ្ទាល់ដោយម្ចាស់ចម្ការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៥

សម្តេចតេជោហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា នឹងមិនលើកលែងឲ្យបុគ្គលណា ដែលចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងកើតមានសព្វថ្ងៃនេះឡើយ ក្នុងកាលៈទេសៈ ណាក៏ដោយនោះ។ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរដល់កងទ័ពទាំងអស់ ដែលកំពុង ឈរជើង​នៅតាមព្រំដែន យ៉ាងស្វាហាប់ ​និង​ក្លាហាន​ដើម្បី​ការពារបូរណភាពទឹកដី ពី​ការ​ឈ្លានពានរបស់ ប្រទេសជិតខាង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា  ២៨មិថុនា ១៩៥១-២៨មិថុនា ២០២៥ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥។

គណបក្សប្រជាជនកម្ពុជាបានចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។

គណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្ស ដើម្បីធានាការអភិវឌ្ឍ សន្តិភាពដែលជាសេចក្ដីប្រាថ្នា របស់ប្រជាពលរដ្ឋ។ សម្តេចបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដើរ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ច ពោលគឺនិយាយពិត ធ្វើពិត។

សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រលានយន្តហោះ ព្រែកហ្វូណនតេជោ និងផ្លូវ ដែលសមិទ្ធផលទាំងអស់នេះ គឺដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវការកសាងព្រះរាជាណាចក្រកម្ពុជាមួយ ដែល មានសេដ្ឋកិច្ចប្រាកដប្រជា បរិយាបន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យ ចាកផុតពីភាពក្រីក្រ ។

សម្តេចបានថ្លែងអំណរគុណដល់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរព តាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវស្មោះត្រង់នឹងប្រជាជន បម្រើប្រជាជន និងរៀនសូត្រពីប្រជាជន។ មន្ត្រីគណបក្សត្រូវតែរឹងមាំសាមគ្គី ត្រូវធ្វើអំពើល្អបម្រើប្រជាជនមិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំអស់ ត្រូវតែគោរព និងស្រលាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្រ្តីគណបក្សនា ពេលកន្លងមក គឺជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រួវតែបន្តរឹងមាំ ប្រកាន់​សច្ចភាព​ យុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។ សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចងសម្ព័ន្ធភាព ជាមួយគណបក្សនយោយបាយនានានៅកម្ពុជាចំនួន២៨គណបក្ស ដោយគោរព នូវគោលនយោបាយរបស់ពួកគេ។

សម្ដេចតេជោបានបញ្ជាក់អំពីការប្រឆាំងចលនាជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៃប្រទេសកម្ពុជា ដូច្នេះជនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងចលនានេះ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡាអេ និងគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page27 Page28 Page29 … Page638 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!