Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់
ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៦

មេប៉ុស្តិ៍ពពែត បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា ប្រើប្រាស់អាវុធ ដោយមិនសមហេតុផល បាញ់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យបាក់ភ្លៅ ខណៈពេលជនរងគ្រោះ ទៅទារលុយពីស្ដ្រីម្នាក់ដែលត្រូវជាក្មួយរបស់លោកមេភូមិ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ
២០២៦។

ជនដៃដល់ឈ្មោះ អ៊ុន វ៉ាន់ថុល មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែតរីឯជនរងគ្រោះជាមនុស្សប្រុស នៅភូមិកើតហេតុរងរបួសធ្ងន់បាក់ភ្លៅ។

សេចក្តីរាយការណ៍បានឱ្យដើមរាំងដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទារលុយពីស្ដ្រីម្នាក់ ដែលជំពាក់លុយខ្លួនចំនួន ១៥.០០០រៀល នៅភូមិកើតហេតុខាងលើ ក្នុងនោះ ក៏មានការប្រកែកពាក្យសម្ដីរវាងអ្នកទាំង២ ហើយស្ដ្រីរូបនោះបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន។

ជាមួយគ្នានោះ លោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលព័ត៌មានបែបនេះ លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ និងបានបាញ់ជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង រួចចោទថាជនរងគ្រោះតដៃតែម្ដង។

ប្រភពបន្តថា តាមពិតទៅជនរងគ្រោះ ពុំបានតដៃជាមួយ និងលោកនាយប៉ុស្តិ៍នោះទេ ដោយការផ្ទុះអាវុធនេះ មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកហ្នឹងដី ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះរួចក៏រកលេសដោះបន្ទុកថា មកពីជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយកប៉ុស្តិ៍។

ប្រភពដដែលបន្ថែមថា ក្រោយផ្ទុះអាវុធភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល បានខលទូរស័ព្ទទៅកាន់គ្រូពេទ្យម្នាក់ ដោយថា ជួយហៅឡានពេទ្យផង អញបាញ់គេបាក់ជើងហើយលុះ១ម៉ោងក្រោយមក ទើបរថយន្តពេទ្យ មកដល់និងជួយសង្គ្រោះ។

ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដើមរាំងបានសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ប៉ុន្តែពុំមានការបកស្រាយនោះទេ ខណៈទូរស័ព្ទចូលហើយលោកមិនទទួល។

រីឯលោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប (ស្ដីទី) ក៏ពុំមានការបកស្រាយដែរ ដោយទូរស័ព្ទចូលហើយលោកមិនទទួលដូចគ្នា។

ចំណែកលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀងដើមរាំងបានព្យាយាមសុំការបំភ្លឺ តាមរយៈលេខ 012667668 ប៉ុន្តែខលមិនចូលនោះទេ។

ទោះជាយ៉ាងនេះក្ដីលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងក្នុងសភាពរដិបរដុបថា ករណីខាងលើកំពុងធ្វើនីតិវិធី និងសម្រួលគ្នាហើយ។

ក្នុងរឿងនេះ មហាជនទាមទារឱ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពពែត កុំមានការយោគយល់ឱ្យសោះ ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះបាក់ភ្លៅរួចតាំងរកលេសដោះសារបែបនេះ៕SRP



Like 197
Comment 0
Share ចែកចាយ
Views 7.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៦

ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា

, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ ព្រមទាំងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតីជាថ្មីម្ដងទៀត។ ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងនានាដែលកំពុងបន្តអនុវត្ត ក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ, ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបឯកឧត្តមអនុប្រធានធនាគារពិភពលោកជាថ្មីម្ដងទៀត ព្រមទាំងបានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ, សម្ដេចធិបតីបានបញ្ជាក់ជូនឯកឧត្តមអនុប្រធានធនាគារពិភពលោក អំពីការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះដែរ, សម្ដេចធិបតី និងឯកឧត្តមJaramillo ក៏បានពិភាក្សាបន្ថែមអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង៖ ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងគូសបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះការជន់លិចនៅរដូវវស្សា។

អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់ លូអ៊ុយសាច់ក្នុង និងស្ដារប្រឡាយនៅស្រុកមោងឫស្សី លូប្រអប់១.៥ម៉ែត្រគុណ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង២៨៥ម៉ែត្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងនិងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។

ឯកឧត្តម ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរព តាមគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។

ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍និងរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%។
ឯកឧត្តម ណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំដាក់សូឡាបំភ្លឺផ្លូវនៅតាមទីប្រជុំជន។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានឧបត្ថម្ភសូឡាដាក់បំភ្លឺផ្លូវចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់រហូតដល់ខេត្តបន្ទាយមានជ័យ តាមរយៈ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៏ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង៕SRP

Like 199
Comment 0
Share ចែកចាយ
Views 6.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៦

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៩,៨% គ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

ខេត្តក្រចេះ៖ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។

ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

ផ្ដើមចេញពីភ្លើងប្រចណ្ឌ! បាញ់សម្លាប់ថៅកែអង្ករ នឹងបុរសជាប៉ូលិស រួចបាញ់សម្លាប់ខ្លួនតាមក្រោយ

ខេត្តត្បូងឃ្មុំ៖ជុំវិញករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ និងបុរសម្នាក់ រួចហើយជនដៃដល់បាញ់សម្លាប់ខ្លួនតាមក្រោយ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សេចក្ដីរាយការណ៍បន្ថែម បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៉ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរថៅកែអង្ករ) មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លាប់កន្លែងកើតហេតុ)។

បើតាមសេចក្ដីរាយការណ៍, ហេតុការណ៍បាញ់ប្រហារនេះ គឺផ្ដើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលថៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។

យ៉ាងណាក៏ដោយ សម្រាប់អំពើឃាតកម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 113.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

អាជ្ញាធរទន្លេសាបជម្រុញឲ្យមន្ត្រីមូលដ្ឋានកំណត់តំបន់អាទិភាពដើម្បីពន្លឿនការដាំស្ដារព្រៃលិចទឹកឡើងវិញឲ្យទាន់ផែនការឆ្នាំ២០២៦

ខេត្តសៀមរាប៖ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្ដារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលទុកអនុវត្តការងារដាំស្ដារព្រៃលិចទឹកខេត្តទាំង៦ ជុំវិញតំបន់ទន្លេសាប បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងឃុំ-សង្កាត់ សហការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ។

ឯកឧត្តម ខូវ មាស បានបញ្ជាក់ថា ទិន្នន័យបឋមទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមការងារជំនាញនៃអាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការសកម្មភាពលម្អិត និងឈានទៅអនុវត្តការដាំដុះឱ្យបានឆាប់រហ័ស។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្រុមការងារជំនាញនឹងចុះវាយតម្លៃផ្ទាល់ដល់ទីតាំងជាក់ស្ដែង ដើម្បីរៀបចំបញ្ចូលក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្ដារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តសៀមរាប និងពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ ឱ្យសមស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រមទាំងចែករំលែកទិន្នន័យព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធកិច្ចការដាំស្ដារព្រៃលិចទឹកឡើងវិញ។

សូមបញ្ជាក់ថា ក្រុមការងារដាំស្ដារព្រៃលិចទឹកឡើងវិញនៅខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ បង្កើតឡើងតាមសេចក្ដីសម្រេចលេខ ៦២១ របស់អាជ្ញាធរទន្លេសាប ដោយយោងលើលិខិតលេខ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រី្ត ដោយបានឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្ដារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕SRP

Like 196
Comment 0
Share ចែកចាយ
Views 4.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

ឯកឧត្តមសៀង ណាំ៖ ក្នុងនាមជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាមួយ សាកលវិទ្យាល័យអង្គរយើងតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គមដើម្បីឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាមួយ សាកលវិទ្យាល័យអង្គរយើងតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គមដើម្បីឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការឈានឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្នុងនោះមានអាទិភាព ៥ចំណុចសំខាន់គឺ ៖. ការអភិវឌ្ឍមូលធនមនុស្ស . ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង . ការអភិវឌ្ឍវិស័យឯកជន និងការងារ . ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និង ការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ដោយមានការជួយគាំទ្រ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល សាកលវិទ្យាល័យអង្គបានបើកដំណើរការមហាវិទ្យាល័យសុខភាពសាធារណៈគឺចាប់តាំងពីឆ្នាំ២០១៤ មកហើយដែលមកដល់បច្ចុប្បន្ននេះ គឺបានបណ្ដុះបណ្ដាលនិស្សិតឲមុខជំនាញគិលានុបដ្ឋាកកម្រិតបរិញ្ញាបត្ររងចំនួន ១៣ជំនាន់ ស្មើនឹង ១៣០៨នាក់ កម្រិតបរិញ្ញាបត្របែបពាក់កណ្ដាលពេល ចំនួន៥ជំនាន់ ស្មើនឹង ១៧១នាក់ កម្រិតបរិញ្ញាបត្រចំនួន ៤ជំនាន់ ស្មើនឹង ១៩១នាក់ និងមុខជំនាញឆ្មប កម្រិតបរិញ្ញាបត្ររងចំនួន ៩ជំនាន់ ស្មើនឹង ៤១២នាក់។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បន្តថា ការរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នាពេលនេះ ក្នុងគោលបំណងដើម្បីបង្ហាញនូវគុណភាព និងភាពទទួលខុសត្រូវរបស់សាកលវិទ្យាល័យអង្គរ ក៏ដូចជាការបង្ហាញការយកចិត្តទុកដាក់ប្រកបដោយភាពស្និទ្ធស្នាល របស់ថ្នាក់ដឹកនាំ អ្នកជំនាញនៃផ្នែកអប់រំ និងសុខាភិបាល លោកគ្រូ អ្នកគ្រូ ជាមួយក្មួយៗនិស្សិត មាតាបិតា និងអាណាព្យាបាលផងដែរ។

ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្របខ័ណ្ឌអប់រំ និងក្របខ័ណ្ឌសុខាភិបាល ឆ្នាំ២០២៦ នៃសាកលវិទ្យាល័យអង្គរ.ចំនួនចំនួន ៤២១នាក់ ក្នុងនោះមាននិស្សិតជ័យលាភីក្របខ័ណ្ឌសុខាភិបាលចំនួន៣៤០នាក់និងនិស្សិតជ័យលាភីក្របខ័ណ្ឌអប់រំ ចំនួន៨១នាក់ នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងកោតសរសើរចំពោះការខិតខំរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំរហូតទទួលបានសញ្ញាបត្រហើយសញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះគឺជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ ប៉ុន្តែវាក៏ជា ការទទួលខុសត្រូវ ថ្មីមួយទៀតចំពោះសង្គមជាតិ។ សូមក្មួយៗនិស្សិតទាំងអស់ត្រូវយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងត្រូវចងចាំថាគ្រូពេទ្យ ឬមន្ត្រីល្អ គឺជាអ្នកដែលយកទុក្ខធុរៈរបស់រាស្ត្រជាធំ។

ដោយក្នុងនោះដែរឯកឧត្តមសាស្ត្រាចារ្យក៏បានមានប្រសាសន៍ រំលឹកឱ្យនិស្សិតទាំងអស់សូមកុំភ្លេចគុណូបការៈរបស់មាតាបីតា អាណាព្យាបាលដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្តល់ឱកាសឱ្យកូនបានរៀនសូត្រនិងផ្តល់តម្លៃដល់សាស្ត្រាចារ្យដែលបានផ្ទេរចំណេះដឹង ដូច្នេះត្រូវយកចំណេះដឹងទ្រឹស្ដីពីសាលា ទៅផ្សារភ្ជាប់ជាមួយការអនុវត្តការងារផ្ទាល់ឱ្យមានប្រសិទ្ធភាព៕SRP

Like 196
Comment 0
Share ចែកចាយ
Views 16.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

ប្រមុខស្ដីទី តែងតាំងលោកយ៉េត វីណែល ជាអគ្គលេខាធិការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យតែងតំាងមុខតំណែង និងផ្តល់ឋានៈដល់លោក យ៉េត វីណែល ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។

សូមជម្រាបថា មុនទទួលបានមុខតំណែងថ្មីនេះ លោក យ៉េត វីណែល កាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកទទួលតំណែងនេះជំនួសលោក រស់ ភីរុណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៦

ឃាត់ខ្លួនបុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា៖កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៦ វេ​លា​ម៉ោង ១៧:៣០នាទីនៅចំណុចភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ស្របតាមអនុសា​ស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបា​ល​ជាតិ​ និងក្រោមការបញ្ជាដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ដឹកនាំកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោក​វរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ ជា​នា​យការិយាល័យ​ ចុះប្រតិបត្តិការ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី​សម្រាប់ជក់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆៃ​ តុលា ភេទ​ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិព្រែកព្រះស្ដេច សង្កាត់​ព្រែ​ក ព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
-បារីអេឡិចត្រនិច (ម៉ាក SE GAR) ចំនួន៥១ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី -ក្បាលបារីអេឡិចត្រូនិច (ម៉ាកNO​VA) ចំនួន ៦៥ ដើម សង្ស័យមានសារ​ធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលា​ការអនុវត្តតាម​នីតិវិធី​ ច្បាប់ ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៦

ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ករណីបង្ក្រាបទីតាំងឆបោក Online scam

ភ្នំពេញ៖កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះត្រួតពិនិត្យ ក្នុងបុរីពិភពថ្មី ធនាគារជាតិ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយបានចាប់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១៥នាក់ និងដកហូតកុំព្យូទ័រ និងទូរសព្ទដៃ មួយចំនួន ដែលជនសង្ស័យប្រើប្រាស់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការចុះបង្ក្រាបនេះធ្វើឡើងក្រោម បញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិករបស់ ធនាគារពិភពលោក ដោយក្រុមនេះ កាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោពីធនាគារ ពិភពលោក World Bank ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមទីតាំងធំៗ រួមមានៈ កាស៊ីណូ ខុនដូរ សណ្ឋាគារកន្លងមកនេះ ឥឡូវក្រុមឧក្រិដ្ឋជនបានប្តូរទិសដៅធ្វើសកម្មភាព បែងចែកជាក្រុមតូចៗ ធ្វើសកម្មភាពនៅតាមផ្ទះសំណាក់ ឬផ្ទះល្វែងវិញម្តង ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 31.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។

អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ.2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្ត។

បើតាមអាវុធហត្ថខេត្តសៀមរាប ជនសង្ស័យជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២៕SRP

Like 198
Comment 0
Share ចែកចាយ
Views 13.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់

ក្នុងឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិត និងពិនិត្យទីតាំងជាក់ស្តែងសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូនដោយបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។

ឯកឧត្តមណែនាំយ៉ាងដូច្នេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រារព្ធពិធីប្រុងពលីសុំសេចក្ដីសុខដើម្បីរៀបចំ“ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦” នៅមុខរូបសំណាកលោកតាដំបងគ្រញូង។

សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page657 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×