សម្ដេចធិបតីតែងតាំងលោក ឃីន រស្មី ជា
អភិបាលស្រុកត្បែងមានជ័យ
សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026៕SRP
សម្ដេចធិបតីតែងតាំងលោក ឃីន រស្មី ជា
អភិបាលស្រុកត្បែងមានជ័យ
សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026៕SRP
បង្កកទ្រព្យសសម្បត្តិអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងបប៉ោយប៉ែត លោក នួន នីណារ៉ូ.ចំនួន៩ទីតាំង
យោងតាមប្រភពច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបង្ក្រាបបទល្មេីសឆបោកតាមអនឡាញ (online scam ) បានឲ្យដឹងថា៖ ទ្រព្យសម្បត្តិរបស់លោក នួន នីណារ៉ូ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បច្ចុប្បន្នជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន ៩ ទីតាំង ត្រូវបានតុលាការបង្កកព្រោះពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (online scam)។ ក្រៅពីបង្កកទ្រព្យសម្បត្តិរបស់នួន នីណារ៉ូ ចំនួន ៩ទីតាំង តុលាការក៏បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ នួន នីណារ៉ូផងដែរ។ ពេលនេះ នួន នីណារ៉ូ កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់។ នេះបើតាមបណ្ដាញសារព័ត៌មានសង្គមហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៦ នេះ។
សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញ នៅក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងមួយកន្លែងដែលមានជនបរទេសជាង ៦០០នាក់ កំពុងប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដកហូតវត្ថុតាងមួយចំនួន ដោយឡែកជនបរទេសជាង ៦០០នាក់ ត្រូវបានបញ្ជូនចេញទៅប្រទេសដេីមវិញ។ ទីតាំងនោះត្រូវបានគេដឹងថាជារបស់លោក នួន នីណារ៉ូ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នេះជាសក្ខីភាពមួយបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនអត់ឱន មិនយោគយល់ចំពោះ ម្ចាស់ទីតាំង ឬ បុគ្គលណាដែលបានដឹងហេីយ ឮហេីយ នៅតែបំពានច្បាប់នោះទេ។ ដូច្នេះសូមម្ចាស់អាគារ ម្ចាស់ទីតាំងទាំងឡាយ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច ជាមួយរាជរដ្ឋាភិបាល ដេីម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញ (online scam) អោយអស់ពីប្រទេសយើង។ ជាពិសេសសូមឈប់ជួល ឈប់ផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមអនឡាញ (online scam)៕SRP
ក្រុមហ៊ុនស្តារអាងទឹកលេខ២ ក្រោយរងការរិះគន់ថា ឆ្លៀតឱកាសឈូសឆាយបំផ្លាញព្រៃឈើ
ខេត្តពោធិ៍សាត់៖ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ ភូមិខ្សាច់ពូក ឃុំរកាត ស្រុកភ្នំក្រវាញ កំពុងរងការរិះគន់ យ៉ាងចាស់ដៃពីមហាជនថា បាននិងកំពុងឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅតំបន់ក្បែរៗនោះ ដែលជាទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងការតាមដានក្នុងមូលដ្ឋានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុននេះមិនបានអនុវត្តតាមកិច្ចសន្យា ឬព្រំដែនកំណត់នោះឡើយ ប៉ុន្តែបែរជាបែងចែកសិទ្ធិបន្តទៅឱ្យថៅកែផ្សេងៗគ្នាយ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើសកម្មភាពឈូសឆាយ និងកាប់ជម្រះយកឈើតាមប្លុកនីមួយៗ រួមមាន៖
ប្លុកទី១ (ផ្ទៃដី ១,៣០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ បារាំង និងមានឈ្មោះ ជា ឌឿន ធ្វើជាមេការ។ បច្ចុប្បន្នកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (ប្រភេទអាអ៊ិច SK) ចំនួន ២គ្រឿង ធ្វើសកម្មភាពឈូសឆាយបើកផ្លូវចូលទៅកាប់ និងដឹកជញ្ជូនឈើយ៉ាងគឃ្លើន។
ប្លុកទី២ (ផ្ទៃដី ៥០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ រា និងឈ្មោះ អាន។
ប្លុកទី៣ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ ថា។
ប្លុកទី៤ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែរហស្សនាម បងត្រង៉ោល ដោយមានមេការបញ្ជាការឈូសឆាយផ្លូវចូលយកឈើឈ្មោះ ផា (ត្រូវបានគេស្គាល់ថាជាទាហាន) ដែលកំពុងដំណើរការសកម្មភាពយ៉ាងសកម្ម។
សកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្រោមរូបភាពស្តារទំនប់ទឹកនេះ កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគម្របព្រៃឈើការពារធម្មជាតិ។
ជុំវិញករណីនេះមហាជនកំពុងរង់ចាំមើលថាតើ អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធនៃខេត្តពោធិ៍សាត់ នឹងមានវិធានការច្បាប់ក្តៅចំពោះក្រុមហ៊ុននិងក្រុមថៅកែទាំងនេះ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដ៏រង្គាលនេះដែរឬទេ។
ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទល់បានការបំភ្លឺពីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ និងអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP
អាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦បានអះអាងថា រយៈពេលកន្លងទៅនេះ កងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា បុគ្គលដែលប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ល។ កងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២រូប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានជាអាទិ៍៖
១- ឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង ភេទប្រុស កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២- ឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត ភេទប្រុស កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៧ មុខរបរបើកបររថយន្ត ទីកន្លែងកំណើតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤១D ផ្លូវលំចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានជូនកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕SRP
សត្វក្តាន់ដែលជិតផុតពូជបំផុតលើលោក ១ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ នៅខេត្តក្រចេះ
ខេត្តក្រចេះ៖ដំណឹងដ៏រីករាយមួយសម្រាប់វិស័យបរិស្ថាននិងជីវៈចម្រុះ ដែលសត្វក្តាន់ឈ្មោលមួយក្បាល ទម្ងន់ប្រហែល ៤០គីឡូក្រាម ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតលើពិភពលោក ត្រូវបានអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ព្រមទាំងអ្នកភូមិ រួមគ្នាជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីវាបានរត់ភ័យស្លន់ស្លោចូលក្នុងភូមិ និងជាប់របងលួស។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សត្វក្តាន់ឈ្មោលមួយនេះ បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកស្រុក ដោយសារត្រូវបានឆ្កែចិញ្ចឹមដេញតាម។ ក្នុងស្ថានភាពភ័យស្លន់ស្លោ វាបានព្យាយាមរត់គេចខ្លួនឡើងលើផ្លូវជាតិ និងចូលទៅក្នុងផ្ទះអ្នកភូមិ ក៏ស្រាប់តែជ្រុលទៅជាប់នៅក្នុងរបងលួស។ ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនមន្រ្តីជំនាញ ដើម្បីចុះមកអន្តរាគមន៍ចាប់ និងនាំយកមកកន្លែងសុវត្ថិភាព។
តាមការពិនិត្យ សត្វក្តាន់នេះមានស្នាមរបួសលើរាងកាយ ដោយសារការរត់គេចក្នុងហេតុការណ៍ខាងលើ។
បច្ចុប្បន្ន ក្រុមការងារបានទាក់ទងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Cambodia Wildlife Care – CWC) ដើម្បីបញ្ជូនវាទៅព្យាបាល និងថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃក្នុងរាជធានីភ្នំពេញ រហូតដល់ជាសះស្បើយ ទើបដោះលែងទៅក្នុងជម្រកធម្មជាតិវិញ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាសញ្ញាវិជ្ជមានថ្មីមួយបង្ហាញថា ប្រភេទសត្វដ៏កម្រនេះ នៅតែមានវត្តមាននៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា និងបានផ្តល់នូវសេចក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតរបស់ពួកវា”។
សត្វក្តាន់នៅកម្ពុជា មានសល់តិចតួចបំផុតហើយត្រូវបានដាក់ឲ្យស្ថិតក្នុងបញ្ជីក្រហមនៃអង្គការ IUCN (ជិតផុតពូជបំផុតនៅលើពិភពលោក)។
តាមការសិក្សានាពេលកន្លងទៅ វត្តមានសត្វក្តាន់នៅកម្ពុជា មានប្រមាណជា ១០០ក្បាលប៉ុណ្ណោះ ដោយកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនក្នុងខេត្តកោះកុង។
ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍ បាននិងកំពុងរៀបចំ “ផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់២០២៥-២០៣៥” ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព) ដើម្បីការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ។
លោក ខ្វៃ អាទិត្យា បានសង្កត់ធ្ងន់ថា សត្វក្តាន់គឺជាថនិកសត្វដ៏គួរឱ្យស្រឡាញ់ និងស្លូតបូត។ លោកបានអំពាវនាវដល់សាធារណជនឲ្យចៀសវាងការដេញបាញ់ ឬធ្វើបាប នៅពេលឃើញសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ ឬបណ្តាលឱ្យវាស្លាប់។
លោក ខ្វៃ អាទិត្យា បានបន្តថា ប្រសិនបើជួបប្រទះសត្វព្រៃកម្រ ឬសត្វធំៗ (ដូចជា ដំរី ខ្លា ជាដើម) ដែលអាចបង្កគ្រោះថ្នាក់ សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថានភ្លាមៗ ដើម្បីជួយសង្គ្រោះពួកវាទៅកាន់ព្រៃធម្មជាតិវិញដោយសុវត្ថិភាព និងរួមគ្នាថែរក្សាជីវៈចម្រុះរបស់មនុស្សជាតិ៕SRP
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះនៅមានក្រុមការងារសម្របសម្រួលគឺប្រជុំរៀងរាល់បីខែម្តង។
ឯកឧត្តមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។
គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីស្ថានភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសសម្ដេចបានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។
សម្ដេចក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។
នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះឱ្យនៅឋិតថេរ និងរឹងមាំ។
ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះទេ។
សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦៕SRP
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យបណ្ដាវត្តទាំងអស់គួរពង្រឹងធម៌វិន័យ និងរៀបចំវត្តអារាមឱ្យក្លាយជាទីជម្រកនៃសេចក្ដីសុខសម្រាប់មនុស្ស និងសត្វ
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គ្រប់វត្តអារាមទាំងអស់គួរតែត្រូវបានរៀបចំ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទីជម្រកដ៏សុខសាន្តសម្រាប់ទាំងមនុស្ស និងសត្វ ដោយឈរលើគោលការណ៍ព្រហ្មវិហារធម៌ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។
ក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដោះស្រាយកិច្ចការសាសនា ដើម្បីពង្រឹងធម៌វិន័យចំពោះព្រះសង្ឃដែលគង់នៅទូទាំងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយការមានទំនាស់ការច្រណែនផលប៉ះពាល់ដល់ប្រយោជន៍រួម និងជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនារបស់យើងដោយឈរលើស្មារតីព្រះវិន័យ និងច្បាប់រដ្ឋ។
លោក លី សារី បានបញ្ជាក់ថា គណៈកម្មការដោះស្រាយកិច្ចការសាសនាក្នុងខេត្ត គឺជាយន្តការផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់វិវាទ ឬបញ្ហានានាដែលកើតឡើងនៅក្នុងវិស័យសាសនា។ ហើយសម្រាប់កិច្ចប្រជុំដោះស្រាយវិវាទក្នុងវត្តអារាម គឺដើម្បីធ្វើការសម្របសម្រួលជម្លោះរវាងព្រះសង្ឃ និងព្រះសង្ឃ, ជម្លោះរវាងគ្រហស្ថ ជាមួយព្រះសង្ឃ ឬបញ្ហាគ្រប់គ្រងបច្ច័យ និងដីធ្លីវត្ត ព្រមទាំងពិនិត្យសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗ ដើម្បីធានាថាអនុវត្តទៅតាមច្បាប់ និងមិនមានការបង្កការរើសអើង ឬប៉ះពាល់ដល់សន្តិសុខសង្គម។
ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសង្គមជាច្រើន ដូចជា បានជួយកសាងផ្លូវថ្នល់ ស្ពាន់ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ច មានដូចជា ការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ព្រះធម្មសិរី ជុំ គឹមឡេង បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមដានការប្រើប្រាស់បណ្ដាញសង្គមរបស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំ ថាអ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេសរឿងទំនាស់តិចតូចមិនគួរបង្ហោះហែកបង្ហាញនោះទេ។ ជាពិសេស ត្រូវជួយណែនាំភិក្ខុ សាមណេរក្រោមឱវាទ ពាក់ព័ន្ធការប្រើប្រាស់ បណ្ដាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើទឹកចិត្តមនុស្សឱ្យស្រឡាញ់ការអប់រំ និងបរិស្ថានជាដើម។ ជាធម្មតាអធិករណ៍ ឬទំនាស់ជាផ្នែកមួយនៃជីវិតមិនអាចជៀសផុត សំខាន់គឺត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណ៍សមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទជូនប្រជាពលរដ្ឋ
ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត នៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្មថ្នាក់ជាតិ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ៥ខែ នៃឆ្នាំ២០២៦ និងផែនការសកម្មភាពសម្រាប់ដំណាច់ឆ្នាំ២០២៦ និងលើកឡើងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យការចុះបញ្ជីស្របតាមនីតិវិធីច្បាប់ជាធរមាន។
លោក ហែន ពុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាការពីនិត្យលើនីតិវិធីពន្លឿនការអនុវត្តការវាស់វែង និងការចុះបញ្ជីដីធ្លីលើប្រភេទដីសំខាន់ៗមួយចំនួន រួមមាន៖ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដីតំបន់ការពារ និងដីរដ្ឋដែលស្ថិតក្រោមសមត្ថកិច្ចកាន់កាប់ និងដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល និងដីស្ថិតក្នុងតំបន់ស្វ័យប្រកាស។ ជារួមកិច្ចប្រជុំ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយវិវាទ និងលើកកម្ពស់សុវត្ថិភាពគតិយុត្តនៃការកាន់កាប់ដីធ្លី។
លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើការពិនិត្យផែនការប្រើប្រាស់ដីធ្លីឃុំសង្កាត់ ផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប និងទីប្រជុំជន។ ដោយឡែក ផែនការប្រើប្រាស់ដីនៅក្នុងភូមិចំនួន ១១៤ ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌអង្គរ ក៏ត្រូវបានលើកយកមកពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ រួមផ្សំជាមួយនឹងការងារសុរិយោដី និងការងារសំណង់ក្នុងខេត្តផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា គិតមកទល់ពេលនេះ ចំនួនក្បាលដីសរុបដែលត្រូវបានចុះបញ្ជី និងវាស់វែងរួចរាល់មានចំនួន ៩៩១ ៧១០ក្បាលដី។ ក្នុងនោះ ក្បាលដីដែលបានចេញបណ្ណកម្មសិទ្ធិរួចរាល់មានចំនួន ១៩៤ ៩៦៥បណ្ណ ដោយបានចែកជូនប្រជាពលរដ្ឋផ្ទាល់ចំនួន ១៧៦ ៣៨៦បណ្ណ ខណៈក្បាលដីដែលមិនទាន់បានចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋមានចំនួន ៨១៥ ៣២៤ក្បាលដី។
ចំពោះក្បាលដីដែលបានចុះបញ្ជី វាស់វែង និងចេញបណ្ណខាងលើ គឺមិនទាន់រាប់បញ្ចូលក្បាលដីមិនទាន់មានអ្នកមកចូលរួមវាស់វែង ក្បាលដីមានទំនាស់មិនទាន់បានសម្របសម្រួលបញ្ចប់ ក្បាលដីរដ្ឋជាន់សមត្ថកិច្ចកាន់កាប់ ដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល ដីស្ថិតក្នុងតំបន់ស្វ័យប្រកាសជាអាទិ៍ ដែលជាបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី ដោយហេតុថា ក្បាលដីមួយចំនួនត្រូវការដោះស្រាយបញ្ចប់វិវាទ និងក្បាលដីមួយចំនួនទៀតត្រូវមានគោលការណ៍ណែនាំ និង ឯកភាពពីក្រសួងស្ថាប័ន និងប្រមុខរាជរដ្ឋាភិបាលជាមុនសិន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺធានានូវភាពច្បាស់លាស់ សុចរិតភាព ងាយស្រួលក្នុងការផ្ទេរសិទ្ធិ និងការប្រើប្រាស់ដីស្របច្បាប់ មានតម្លាភាព ដែលជាមូលដ្ឋាននៃសិទ្ធិកម្មសិទ្ធិលើដី ជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋ បង្កើនតម្លាភាព និងកាត់បន្ថយវិវាទ ដើម្បីធានាថាដីធ្លីនីមួយៗមានម្ចាស់ត្រឹមត្រូវ ធ្វើឱ្យរដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជនងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី និងអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ពិធីពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬ(រង្វង់មូលគ្រុឌ)ផ្លូវជាតិលេខ៦បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹម សិទ្ធី, លោកជំទាវ ឆាយ ស៊ីណា ជីវ កេង, ឯកឧត្តម ប្រាក់ សោភណ្ឌ និងលោកជំទាវ, ឯកឧត្តម មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកជំទាវ នេត្រ ភូម៉ារី, លោកជំទាវ អ៊ឹង មុយគាង, ព្រមទាំង លោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។
យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះឫទ្ធានុភាពរបស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរយើង ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ គ្រោះធម្មជាតិនានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន សូមប្រសិទ្ធិពរជ័យដល់កងកម្លាំងប្រដាប់អាវុធជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕SRPដោយ ឃុត សៅ
ចេញទៅរកងាវលិចទូកស្លាប់ម្ដាយនិងកូនប្រុសពីរនាក់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ១៥លានរៀល និគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ និងកូនប្រុស២នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
ហេតុការណ៍លិចទទូកស្មាច់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ខណៈទូកស្មាច់មួយគ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើឱ្យលិចទូកតែម្តង។ ក្នុងព្រឹត្តិការណ៍លិចទូកនោះមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់បង់ជីវិតក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ អាណិតស្រណោះជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ចំពោះការ បាត់បង់ប្រពន្ធ និងកូនៗជាទីស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ល្អ ចំពោះក្រុមគ្រួសារ ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ទន្ទឹមនោះ សម្តេចក៏បានគិតគូរដល់ជីវភាពរស់នៅបន្តរបស់គ្រួសារជនរងគ្រោះ ដោយបានណែនាំដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យនិងសាងសង់លំនៅដ្ឋានសមរម្យមួយសម្រាប់ប្តីនិងកូនស្រីរបស់ជនរងគ្រោះផង។ ជាមួយគ្នា សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សានេះ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន ខាងលើ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទភ្នំដានេះ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ។ ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធជារឿយមក។
សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និងបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិនានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕SRP
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នៅថ្ងៃនេះ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ៨ ឧសភា ១៨៦៣ – ៨ ឧសភា ២០២៦ ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លៃអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណី និងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ។
បើតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៥ សាខាបានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន ៤ខ្នង។ ក្នុងនោះធនធានកាកបាទក្រហមកម្ពុជា ៣ ០៥០គ្រួសារ, សាខាខេត្ត ៣ ១៣៩គ្រួសារ ផ្ទះមនុស្សធម៌ ៤ខ្នង ៥វត្ត, អនុសាខា ៣៤៦គ្រួសារ ១វត្ត និងសប្បុរសជន ៩១៥គ្រួសារ។ សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្ដល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់បានចំនួន ២៩គ្រួសារ និងប្រយោលស្មើនឹង ១០៥នាក់ ក្នុងនោះធនធានសាខា ១៤គ្រួសារ និងអនុសាខា ១៥គ្រួសារ។
សូមជម្រាបថា សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តាមរយៈក្រុមការងារបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធី រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ABA កាណាឌីយ៉ា និងធនាគារវឌ្ឍនៈ របស់សាខាគណនីឈ្មោះ CAMBODIAN RED CROSS SR៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ


